កំពតៈ បុរសជាភ្ញៀវទេសចរម្នាក់ បានផឹកស្រាថូ ជាមួយមិត្តភក្តិស្រីជាជនបរទេសដូចគ្នា នៅក្នុងហាងមួយកន្លែង តាមបណ្តោយឆ្នេរព្រែកកំពត ក្រោយពីផឹកមួយកែវហើយ បានលោតទឹកលេងក៏ស្រាប់តែគេឃើញងើបក្បាលឡើងមានក្អួតចង្អោរ រួចលិចទៅក្នុងទឹកវិញបាត់ បង្កឱ្យឆោឡោឡើង ដោយរត់ទៅរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍។
មន្ត្រីនគរបាលបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ NGUYEN THANHLONG ភេទប្រុស អសយុ៤៣ឆ្នាំ ជាភ្ញៀវទេសចរណ៍ រស់នៅក្រុងហូជីមិញ ប្រទេសវៀតណាម។ មន្ត្រីនគរបាលបានឲ្យ Post News ដឹងថាហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ដោយត្រូវម្ចាស់ហាងទូរស័ព្ទរាយការណ៍ឱ្យសមត្ថកិច្ចចុះមកអន្តរាគមរកសាកសព។ លុះដល់ម៉ោង៥ទៀបភ្លឺនាទីថ្ងៃទី១០ថ្ងៃដដែល ទើបរកសពឃើញនៅអោបជាប់នឹងសសរកន្លែងលោតទឹកលេងដោយស្លាប់បាត់ទៅហើយ ក៏ស្រង់សាកសពឡើងលើគោក វិញដើម្បីពិនិត្យ។
បើតាមការបញ្ជាក់ពីមិត្តស្រីដែលអង្គុយលេងជាមួយគ្នានឹងជនរងគ្រោះថា ជនរងគ្រោះមុនមកអង្គុយផឹកនៅកន្លែងកើតហេតុនេះ គឺគាត់បានចេញពីកន្លែងផឹក ២កន្លែងផ្សេងទៀតរួចមកហើយ។ចុងក្រោយនៅម៉ោង១២ពាក់កណ្តាលអាធ្រាត ទើបចេញមកអង្គុយផឹកស្រាថូនៅកន្លែងកើតហេតុ ។ ពេលមកអង្គុយកន្លែងកើតហេតុនេះ ជនរងគ្រោះ ទើបតែផឹកបានមួយកែវ ក៏ដោះអាវហើយលោតទឹកលេង ហើយក៏ជួបហេតុការណ៍នេះតែម្តងទៅ។
ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យរបស់គ្រូពេទ្យ និងសមត្ថកិច្ចរួច បានសន្និដ្ឋានថា ជនរងគ្រោះដោយសារមានជាតិស្រវឹងខ្លាំងរួចលោតទឹកលេង ត្រូវស្ទះខ្យល់ រួចបណ្តាលឲ្យលង់ទឹកស្លាប់ក្នុងទឹកតែម្តង៕
មតិយោបល់