ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អាមេរិក ប្រាប់ពីគន្លឹះក្រដាសប្រាក់ដុល្លារពិតប្រាកដ ឬក្លែងក្លាយ

ភ្នំពេញៈ វិធីល្អបំផុតដើម្បីកំណត់ក្រដាសប្រាក់ដុល្លារអាមេរិក ពិតប្រាកដ ឬក្លែងក្លាយ គឺត្រូវពឹងផ្អែកទៅលើលក្ខណៈសុវត្ថិភាព តែវាហាក់ដូចជាពិបាកក្នុងការកត់ចំណាំណាស់។ ទោះជាយ៉ាងណា លោក ម៉ៃឃើល លេមប៊ឺត (Michael Lambert) នាយកផ្នែកក្រដាសប្រាក់ធនាគារនៅក្រុមប្រឹក្សាភិបាល នៃប្រព័ន្ធទុនបម្រុង នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី បានលើកឡើងថា មានវិធីដ៏សាមញ្ញ៣យ៉ាង ដើម្បីសម្គាល់ថា ក្រដាសប្រាក់ដុល្លារអាមេរិកពិត ឬក្លែងក្លាយ។

នៅក្នុងសិក្ខាសាលាអប់រំ អំពីក្រដាសប្រាក់ដុល្លារអាមេរិក នៅស្ថានទូតអាមេរិក ប្រចាំទីក្រុងភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ លោក ម៉ៃឃើល លេមប៊ឺត បានឲ្យដឹងថា បច្ចុប្បន្នមានទឹកប្រាក់ ចំនួន១,៤ទ្រីលានដុល្លារអាមេរិក កំពុងធ្វើចរាចរនៅទូទាំងពិភពលោក ប៉ុន្តែបើតាមការប៉ាន់ស្មានពីក្រុមប្រឹក្សាភិបាលទុនបម្រុងសហព័ន្ធថា ទឹកប្រាក់ចន្លោះពី ១/២ និង១/៣ នៃតម្លៃរូបិយប័ណ្ណអាមេរិកសរុប គឺកំពុងចរាចរនៅខាងក្រៅសហរដ្ឋអាមេរិក។

លោកបន្តថា ទន្ទឹមនឹងការចរាចរដ៏សម្បើម នៃរូបិយប័ណ្ណអាមេរិកនេះ ក៏មានក្រុមជនទុច្ចរិត កំពុងព្យាយាមផលិតនូវក្រដាសប្រាក់ដុល្លារក្លែងក្លាយ បន្លំចរាចរនៅតាមបណ្ដាប្រទេសនានាក្នុងពិភពលោកផងដែរ។ ទោះជាយ៉ាងណា ដើម្បីកំណត់ក្រដាសប្រាក់ដុល្លារពិតប្រាកដ ឬក្លែងក្លាយ លោក លេមប៊ឺត បានប្រាប់ថា គឺត្រូវពឹងផ្អែកលើលក្ខណៈសុវត្ថិភាពនៅលើក្រដាសប្រាក់នោះ ដូចជា រូបព្រាលៗ និងទឹកថ្នាំប្ដូរពណ៌ ហើយក៏មានវិធីសាស្ត្រដ៏សាមញ្ញ៣យ៉ាង ក្នុងការសម្គាល់អំពីក្រដាសប្រាក់ពិត។

វិធីទាំង៣យ៉ាងនោះ ទី១-ការស្ទាប ឬប៉ះក្រដាសប្រាក់ដោយផ្ទាល់/(Feel the paper) នេះ គឺមានន័យថា អ្នកត្រូវស្ទាប ឬប៉ះលើក្រដាសប្រាក់វាមានលក្ខណៈគ្រើមៗ ដែលជាលទ្ធផលនៃការបោះពុម្ព ហើយវាដូចជាធម្មជាតិតែម្ដង ទី២-គន្លាស់ក្រដាសប្រាក់/(Tilt the note) គឺគ្រលាស់ដើម្បីអាចមើលឃើញពីការផ្លាស់ប្ដូរនៃពណ៌នៅលើក្រដាសប្រាក់ ដែលជាទូទៅប្ដូរពីពណ៌មាសទៅជាបៃតង សម្រាប់ក្រដាសប្រាក់១០០ដុល្លារ បោះពុម្ពចាប់ពីឆ្នាំ២០០៤ ហើយប្ដូរពីពណ៌ខ្មៅទៅបៃតង សម្រាប់ក្រដាសប្រាក់១០០ដុល្លារ បោះពុម្ពមុនឆ្នាំ២០០៤ រីឯវិធីទី៣-ពិនិត្យដោយពន្លឺ (Check with light) គឺត្រូវពិនិត្យមើលដោយពន្លឺ ដែលអាចឲ្យយើងឃើញពីទឹកថ្នាំប្តូរពណ៍ទាំងសងខាង ដែលត្រូវបានចាក់បញ្ជូលទៅក្នុងក្រដាសប្រាក់។

ដោយឡែក ចំពោះក្រដាសប្រាក់១០០ដុល្លារ បោះពុម្ពចាប់ពីឆ្នាំ២០០៤ លោក ម៉ៃឃើល លេមប៊ឺត បានបញ្ជាក់បន្ថែមថា វាមានលក្ខណៈសុវត្ថិភាពពិសេសជាងគេង ព្រោះវាត្រូវបានបោះពុម្ពឡើងដោយភ្ជាប់ជាមួយខ្សែសុវត្ថិភាពពណ៌បៃតង ជាលក្ខណៈ3D។ ខ្សែសុវត្ថិភាពបៃតងនេះ នៅពេលគ្រលាស់ក្រដាសប្រាក់ លោកអ្នកអាចនឹងឃើញលេខ១០០ ឬក៏ជួង រត់ពីលើទៅក្រោម ឬពីក្រោមទៅលើ អាស្រ័យលើការគ្រលាស់ ដែលនេះហៅថា 3D ប៉ុន្តែបើមិនឃើញលេខ១០០ ឬជួងទេ នោះគឺជាក្រដាសប្រាក់ក្លែងក្លាយ។

គួរជម្រាបផងដែរថា សិក្ខាសាលាកាលពីព្រឹកមិញនេះ រៀបចំឡើងដើម្បីអប់រំដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័នអនុវត្តច្បាប់ អំពីលក្ខណៈពិសេស និងការផលិតក្រដាសប្រាក់របស់អាមេរិក ពិតប្រាកដ ព្រមទាំងវិធីក្នុងការចំណាំ និងរាយការណ៍អំពីប្រាក់ដុល្លារអាមេរិក ក្លែងក្លែង។ ប្រសិនបើអ្នកសង្ស័យ អ្នកទទួលបានក្រដាសប្រាក់ក្លែងក្លាយ សូមទាក់ទងនាយកដ្ឋាននគរបាលតាមមូលដ្ឋាន ឬការិយាល័យចារកិច្ចអាមេរិក នៅទីក្រុងបាងកក៕

photo_2016-05-10_13-04-51 photo_2016-05-10_13-04-50 photo_2016-05-10_13-04-50 (2)

មតិយោបល់