ព័ត៌មានជាតិ

ខឹងម្តាយឲ្យទៅរកការងារធ្វើ យុវជនម្នាក់ចងកសម្លាប់ខ្លួន

កណ្តាល: យុវជនម្នាក់ បានគិតខ្លីធ្វើអត្តឃាតសម្លាប់ខ្លួន បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីខឹងនឹងម្តាយឲ្យទៅរកការងារធ្វើ តែខ្លួនមិនចង់។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ ជា សុភីរក្ស ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានឪពុកឈ្មោះ ជីវ ស្រេង ភេទប្រុស អាយុ៥១ឆ្នាំ ភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរលក់ដូរ។

ក្នុងនោះសមត្ថកិច្ចរកឃើញ ខ្សែលីឡុង របស់វាំងនន ពណ៌ស ប្រវែង ១,៣៤ ម៉ែត្រ បត់ជាបួន ។

តាមការឲ្យដឹងពីឪពុកនិងម្តាយរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុកាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៦ល្ងាច ម្តាយរបស់ជនរងគ្រោះ បាននិយាយប្រាប់ថាឲ្យជនរងគ្រោះ គួរតែទៅរកការងារធ្វើហើយ ព្រោះខ្លួនឈប់រៀនហើយ តែជនរងគ្រោះមិនចង់ធ្វើការទេ។ លុះព្រឹកឡើងនៅថ្ងៃទី១៧ ខែឆ្នាំដដែល ខណ:ដែលឪពុកម្តាយជនរងគ្រោះបានចេញពីផ្ទះ ទៅលក់នំ នៅផ្សារតាខ្មៅចាស់ ដូចរាល់ដង ជនរងគ្រោះនៅផ្ទះជាមួយប្អូនស្រីរបស់គេ រហូតដល់ម៉ោង៨និង៣០នាទីព្រឹក ស្រាប់តែកូនស្រីរបស់គាត់ ក៏បានតេទូរសព្ទប្រាប់ឪពុកថា បងប្រុសបានចងក ក្នុងបន្ទប់ដេករបស់ ខ្លួនស្លាប់បាត់ហើយ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការពិនិត្យសាកសព បានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមែនជាករណីឃាតកម្មអ្វីនោះទេ ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់