ដាំទឹកឆុងមីផ្ទុះកំប៉ុងហ្គាស បុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់ បានរងរបួសរលាកមុខយ៉ាងធ្ងន់ធ្ងរ ខណៈដែលកំពុងដាំទឹកឆុងមី ហូប ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុង ភូមិមានជយ័ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសរងគ្រោះខាងលើ ត្រូវបានគេស្គាល់មានឈ្មោះ ជឺម បញ្ញា អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ត និងជាជំនួយការនាយរងប៉ុស្តិ៍ស្ទឹងមានជ័យ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដាំទឹកនឹងចង្រ្កានហ្គាសក្នុងបំណងឆុងមីហូប ខណៈនោះស្រាប់តែឆាបផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យខ្ទាតប៉ះត្រូវចំមុខរបស់គាត់ រលាកពេញផ្ទៃមុខ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនតែម្តង៕

មតិយោបល់