ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់ថៅកែហេង បើកបុករថយន្តលាយបេតុង ខ្ទេចក្បាលខាងមុខទាំងស្រុង

ភ្នំពេញៈ រថយន្តបែន ធុនយក្សដឹកខ្សាច់ របស់ឈ្មួញជីកដី ដ៏ល្បី គឺថៅកែ ហេង បានបើកបោះពួយ ក្នុងល្បឿនលឿនជែងគេជែងឯង ទាំងខ្សាច់ពេញទ្រុង ជ្រុលទៅបុកចំចំហៀងខ្លួនផ្នែកខាងក្រោយ របស់រថយន្តលាយបេតុងមួយគ្រឿង ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរថយន្តបង្កនោះ រងការខូចខាត កំពិតរួញមុខខ្លួនឯង ចំណែកអ្នកបើករថយន្ត បានគាបជាប់នៅក្នុងកាប៊ីនរថយន្ត រហូតកម្លាំងនគរបាលមូលដ្ឋានខណ្ឌដង្កោ ចុះទៅអន្តរាគមន៍គាស់ចេញ ទើបយកបាននាំ ទៅព្យាបាលរបួស។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវបេតុងព្រៃស វត្តស្លែង ត្រង់ចំណុចភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តបង្កខាងលើនោះ ជារថយន្តដឹកខ្សាច់របស់ថៅកែហេង ពាក់ស្លាកលេខ ព្រះសីហនុ5A-0080 បើកបរ ដោយឈ្មោះយឿន ប៊ុនថន អាយុ៣២ឆ្នាំរងរបួសជើង ចំណែករថយន្តលាយបេតុង ពាក់ស្លាកលេខ ភ្នំពេញ 3C-5791អ្នកបើកបរមិនស្គាល់ឈ្មោះឡើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបង្កនោះ បានបើកបើកបរក្នុងល្បឿនយ៉ាង លឿន ទិសដៅពីកើតទៅលិច ជែងគេជែងឯង លុះមកដល់ចំណុចកើតហេតុខាងលើ បានចៀសរថយន្តកុងតឺន័រមួយគ្រឿង ដែលកំពុងឈប់ចតស្ងៀមនៅលើផ្លូវ ហើយបានវ៉ាក់ជាមួយរថយន្តម៉ាក ឡិចស៊ីស ៥៧០ មួយគ្រឿងទៀត ដែលនៅខាងមុខហើយបានគេចចេញពីរថយន្តឡិចស៊ីសនោះ រួចក៏បានជ្រុល ទៅបុកចំពីចំហៀងផ្នែកក្រោយ រថយន្តលាយបេតុងពេញទំហឹង បណ្ដាលឲ្យកំពិតរួញមុខ រងការខូចខាត យ៉ាងដំណំ ហើយអ្នកបើកបររថយន្តបង្ក បានគាបជាប់នៅក្នុងកាប៊ីនរថយន្ត។

ក្រោយមកកម្លាំងនគរបាលខណ្ឌដង្កោ រួមជាមួយនគរបាលប៉ុស្ដិ៍ព្រៃស បានចុះទៅគាស់យកអ្នកបើកបរនោះចេញ ព្រមទាំងធ្វើការវាស់ និងនាំយករថយន្ត២គ្រឿងនោះ ទៅរក្សាទុករង់ចាំការដោះស្រាយគ្នាពេលក្រោយ។

ក្នុងនោះដែរ ប្រជាពលរដ្ឋបាននិយាយថា ក្រុមរថយន្តដឹកដីដឹកខ្សាច់របស់ថៅកែហេងនោះ គឺបើកបរលឿនហួសហេតុ មិនគិតពីផលប៉ះពាល់ដល់ ដល់សុវត្ថិភាព ការរស់នៅរបស់ពួកគាត់ និងអ្នកដំណើរតាមដងផ្លូវទូទៅនោះឡើយ ដោយពួកគេអាងថាពេលបើកបុក បង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ គឺទុករថយន្តចោលហើយរត់គេចខ្លួន រួចទុកឲ្យថៅកែហេង ដែលរកស៊ីមានបានដោយការជីកដីលក់ហួស ក្បាលប្រែត នោះ ជាអ្នកចេញមុខដោះស្រាយ៕

https://youtu.be/iCAwQtcBjDk

មតិយោបល់