ព័ត៌មានជាតិ

រវល់ឈប់រថយន្តចុះលាងគូទកូន ត្រូវចោរបើកទ្វាររថយន្តលួចលុយ១ពាន់ដុល្លារ និងទូរសព្ទ៣គ្រឿងទៅបាត់

ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានចោរ ធ្វើសកម្មភាពបើកទ្វាររថយន្ត ចូលលួចយកកាបូបដែលមានលុយចំនួន១ពាន់ដុល្លារ ទូរសព្ទ៣គ្រឿង កាតធនាគារ៣សន្លឹក និងអត្តសញ្ញាណប័ណ្ណចំនួន១ ទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខក្រុមហ៊ុនក្រោន ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ព្រំ គន្ធី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបុរីលឹម ឈាងហាក់ ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានស្រុកកំណើតសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានបើករថយន្តតាមបណ្តោយផ្លូវវេងស្រេង ពីរង្វង់មូលចោមចៅ ទៅស្ទឹងមានជ័យ លុះមកដល់ចំណុចកើតហេតុ កូនរបស់ស្ត្រីរងគ្រោះបាន រាកបត់ជើង ខណៈនោះគាត់ ក៏បានឈប់រថយន្ត លាងគូទកូន ស្រាប់តែមានចោរ២នាក់ ជិះម៉ូតូម៉ាកសង់កូរ៉េ មិនចាំស្លាកលេខ បានបើកទ្វាររថយន្ត លួចយកកាបូបដែលមានលុយនៅក្នុងកាបូប ចំនួន១ពាន់ដុល្លារ ទូរសព្ទ៣គ្រឿងរួមមាន ម៉ាក IPhone 6 មួយគ្រឿង , ម៉ាកហូវេ ១គ្រឿង និងម៉ាកស៊ាំសុង ១គ្រឿង, កាតធនាគារ៣សន្លឹក លិខិតឆ្លងដែន១ រួមទាំងអត្តសញ្ញាណបណ្ណ័ បានសម្រេច ហើយជិះម៉ូតូគេចខ្លួនបាត់តែម្តង។

ក្រោយពីកើតហេតុស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចវែកមុខរកមុខសញ្ញា ដើម្បីឈានទៅដល់ការឃាត់ខ្លួន យកមក ផ្តន្ទាទោសតាមផ្លូវច្បាប់៕

https://youtu.be/TlaN5eRkA1Y

មតិយោបល់