ភ្នំពេញ: បុរសម្នាក់បានលង់ទឹកស្លាប់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បន្ទាប់ពីគាត់បានហូបទឹកត្នោតជូរ អស់៧លីត្រ ហើយបានមកងូតទឹកស្រះលេង។ ហេតុការណ៍ភ្ញាក់ផ្អើកនេះ បានកើតឡើងកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតក្នុងស្រះទឹកមួយកន្លែង ក្នុងភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលលង់ទឹកស្រះស្លាប់នោះមានឈ្មោះ អ៊ុង សារួនណា អាយុ៥៥ឆ្នាំ ស្នាក់នៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តស្វាយរៀង។
ប្រភពព័ត៌មានពីកូនប្រសារសពឈ្មោះ ប៊ុន សុរិន អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកអគ្គិសនី ស្នាក់នៅភូមិកើតហេតុខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុពួកគាត់ឪពុកក្មេក និងគាត់បានបបួលគ្នាទៅផឹកត្នោតជូរ នៅក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី អស់៧លីត្រ ក្រោយពីផឹករួច ជនរងគ្រោះក៏បបួលខ្លួនដែលជាកូនប្រសារ មកហែលទឹកលេង នៅកន្លែងកើតហេតុខាងលើ ពេលឪពុកហែលមើលទៅហាក់មិនសូវស្រួល ខ្លួនបានចាប់គាត់ទាញឡើងលើម្តងហើយ ក្រោយមកក៏ឃើញគាត់ហែលទៀត ខ្លួនមិនបានចាប់អារម្មណ៍ព្រោះពេលនោះនៅឆ្ងាយពីគ្នាស្រាប់តែបាត់យូរ ខ្លួនក៏ដើររកតាមមាត់ស្រះ ក៏ប្រទះឃើញគាត់លង់ទឹកស្លាប់ នៅក្នុងស្រះបាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកពិនិត្យ និងបានធ្វើលិខិតប្រគល់សព ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីហើយគ្រួសារ បានដឹកមកធ្វើបុណ្យនៅវត្តសំរោងអណ្តែត៕
មតិយោបល់