ព័ត៌មានជាតិ

កម្មករស៊ិនទ្រីជាង១០នាក់ ព្រួតវាយបុរសម្នាក់របួសធ្ងន់ ផ្ទុះអាវុធ៥ទៅ៦គ្រាប់ ឃាត់ខ្លួនបានទាំងក្រុម

ភ្នំពេញៈ បុរសម្នាក់ រងរបួសបែកភ្នែកខាងស្តាំធ្ងន់ធ្ងរ បន្ទាប់ពីត្រូវក្រុមកម្មករ ក្រុមហ៊ុនស៊ិនទ្រីចំនួ១២នាក់ ព្រួតគ្នាវាយ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចកំពុងល្បាត ចូលទៅឃាត់បានទាំងក្រុមតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០១៧ នៅចំណុចខាងកើតផ្សារត្រពាំងថ្លឹង តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសម្តីរបស់ប្រពន្ធជនរងគ្រោះមានឈ្មោះ ចាន់ ស្រីលិន អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិកើតហេតុ បានឲ្យដឹងថា ប្តីរបស់គាត់ឈ្មោះ សន មិថុនា អាយុ២២ឆ្នាំ មុខរបរកម្មករលើកកាតុងតាមរោងចក្រ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាមុន ដំបូងគឺកម្មករប្រមូលសំរាម បានដើរប្រមូលសំរាមនៅតាមបណ្តោយផ្លូវវេងស្រេង ខណៈមកដល់ចំណុចផ្សារត្រពាំងថ្លឹង កំពុងប្រមូលសំរាម ក៏បានប៉ះពាក្យសម្តីជាមួយសន្តិសុខ ដែលយាមផ្សារនោះ ដែលកំពុងអង្គុយផឹកស៊ី បន្ទាប់ពីប៉ះពាក្យសម្តីមួយប្រ៉ាវរួចមក ក៏បង្កទៅជាហិង្សាដាក់គ្នាទៅវិញទៅមក ចំណែកជនរងគ្រោះនៅអង្គុយរង់ចាំឡានដឹកកាតុងរោងចក្រមកដឹកទៅឡើងកាតុងនៅក្បែរនឹងកន្លែងដែរ ឃើញគេកំពុងឈ្លោះគ្នាក៏រត់ចេញ ជាហេតុធ្វើឲ្យក្រុមកម្មករស៊ិនទ្រីស្មានតែបក្ខពួកក្រុមខាងសន្តិសុខផ្សារ ក៏នាំគ្នាវាយបណ្តាលបែកចិញ្ចើមនិងប៉ោងភ្នែកខាងស្តាំ។ ចំណែកឯក្រុមសន្តិសុខផ្សារនាំគ្នារត់បាត់អស់ទៅ។ ក្រោយមកក៏មានសមត្ថកិច្ចល្បាតបានបំបែកហ្វូងចេញ ហើយនិងបាននាំជនរងគ្រោះទៅមន្ទីរពេទ្យដេរមុខរបួស។

ប្រភពបានបន្តទៀតថា ក្រោយមកទៀតក្រុមកម្មករស៊ីនទ្រីបានហៅបក្ខពួកមក២រថយន្តទៀត សរុប១២នាក់ មកព្រួតគ្នាវាយមកលើជនរងគ្រោះបន្ថែមទៀត ខណៈដែលជនរងគ្រោះទើបនិងដើរចេញពីមន្ទីរពេទ្យដេររបួសទើបរួច ម្តងទៀតជាលើកទី២ ក៏ផ្អើលដល់សមត្ថកិច្ចកម្លាំងអន្តរាគមន៍ដែលល្បាតទៅដល់ទាន់ និងបានផ្ទុះអាវុធ ៥ទៅ៦គ្រាប់ ដើម្បីបង្ក្រាបក្រុមទាំងនោះ និងបានឃាត់បានទាំងអស់គ្នា១២នាក់តែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យ ។រីឯជនបង្កទាំង១២នាក់ ត្រូវបានកម្លាំងនាំខ្លួនទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់