ស្វីសៈ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ហៅថា IOM បាននិយាយកាលពីថ្ងៃអង្គារថា បន្ទាប់ពីការលិចកប៉ាល់ថ្មីៗ នៅចុងសប្តាហ៍កន្លងមក រហូតមកដល់ឆ្នាំ ២០១៧ នេះ សរុបមនុស្ស ៣៤០ នាក់ហើយបានស្លាប់ អំទ្បុងពេលដែលពួកគេព្យាយាមឆ្លងដែនសមុទ្រមេឌីទែរ៉ាណេ ដើម្បីឈានមកដល់ច្រាំង នៅអឺរ៉ុប។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១៧។
IOM បានបន្ថែមទៀតថា ចំនួនអ្នកស្លាប់ច្រើនជាង ២៥០ នាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១៦ ហើយភាគច្រើន គឺជាជនចំណាកស្រុកមកពីប្រទេសកូតឌីវ័រ, នីហ្សេរីយ៉ា, ហ្គីណេ, សេណេហ្គាល់ និងហ្គាំប៊ី ដែលដូចគ្នាទៅនឹងឆ្នាំ ២០១៦ ផងដែរ ។
សហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) កាលពីថ្ងៃអង្គារ បានឲ្យដឹងថា យ៉ាងហោចណាស់ ជនចំណាកស្រុក ៧៤ នាក់បានស្លាប់ ខណៈពួកគេព្យាយាមធ្វើដំណើរ ភៀសខ្លួតាមផ្លូវដែនសមុទ្រដ៏វែង រវាងប្រទេសលីប៊ី និងអ៊ីតាលី ដែលសាកសពរបស់ពួកគេ ត្រូវបានរកឃើញនៅក្បែរបណ្ដោយឆ្នេរសមុទ្រ ភាគខាងជើងនៃទីប្រជុំជន Zawiya របស់ប្រទេសលីប៊ី។
នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ IOM បាននិយាយថា «មនុស្សជាច្រើន មិនបានដឹងអំពីគ្រោះថ្នាក់ និងហានិភ័យនៃការធ្វើចំណាកស្រុក ខណៈដែលរត់ភៀសខ្លួន ដោយការធ្វើដំណើរតាមសមុទ្រ ឬក្នុងវាលរហោស្ថាននោះទេ ជាក់ស្តែងដូចនៅក្នុងប្រទេសលីប៊ីនេះផងដែរ»៕
មតិយោបល់