ព័ត៌មានជាតិ

ស្ត្រីម្នាក់ បីសពកូនស្រីទើបអាយុ៣ខែ ឲ្យអាចារ្យបូជា ផ្អើលពលរដ្ឋនិងសមត្ថកិច្ច

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលស្ត្រីម្នាក់ បានយកសពក្មេងស្រីអាយុ៣ខែទៅបូជា ត្រូវបានអាចារ្យអ្នកភ្លុកឃាត់ និងរាយការណ៍ជូនសមត្ថកិច្ច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានដឹងថា ក្រោយពេលដែលសមត្ថកិច្ចបានទទួលព័ត៌មាន ពីលោកអាចារ្យអ្នកភ្លុក ថាមានស្រ្តីម្នាក់បានយកសព កូនស្រីរបស់ខ្លួនទៅដាក់នៅឈាបនដ្ឋាន វត្តតាំងកសាងខាងត្បូង ស្ថិតនៅក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ប៉ុន្តែពេលនោះពួកគាត់សួរ រកលិខិតស្នាមអត់មាន ទើបឃាត់មិនឲ្យបូជា ហើយបានផ្ដល់ព័ត៌មានជូនសមត្ថកិច្ចតែម្ដង។

បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ និងប៉ុស្តិ៍កាកាបបានចុះទៅកាន់ វត្តតាំងកសាងខាងត្បូងនិងបន្ទប់ដែលស្រ្តីរូបនោះស្នាក់នៅ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវទើបដឹងរឿងផ្សេងទៀត ។

ស្រ្តីដែលបានយកសពកូនស្រីអាយុ៣ខែ ទៅបូជានោះមានឈ្មោះ ណុប ស្រីពៅ អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតនៅក្នុងភូមិស្ទោង ឃុំស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ២ ជាន់ផ្ទាល់ដី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកកូនស្រីដែលស្លាប់នោះឈ្មោះ ណុប ស្រីពេជ្រ អាយុ៣ខែ ហើយការស្លាប់នោះនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។

ប៉ុន្តែដឹងថា ស្លាប់ក្រោយពេល ដែលស្រ្តីជាម្តាយ និងស្រ្តីម្នាក់ទៀត ដែលជាប្រពន្ធទី២របស់ប្ដីនាង មានទំនាស់វាយតប់គ្នារួចមក។ ពេលនេះបុរសជាប្ដី និងស្រ្តីម្នាក់ដែលអះអាងថាជាប្រពន្ធទី២នោះ បានគេចខ្លួនបាត់ស្រមោលផងដែរ ដោយមិនទាន់ដឹងថា ការស្លាប់របស់ក្មេងស្រីខាងលើ មានការជាប់ពាក់ព័ន្ធទៅនឹងពួកគេឬអត់នោះទេ។

ក្រោយពេលដែលកម្លាំងសមត្ថកិច្ចចុះសួរនាំ ស្ត្រីជាម្តាយរូបនោះបាននិយាយថា នាងបានយកបុរសម្នាក់ធ្វើជាប្ដី កាលពីជា១ឆ្នាំមុន ដោយមិនបានរៀបការតាមប្រពៃណីនោះឡើយ ហើយនាងក៏មិនបានដឹងថា ប្ដីមាននាមត្រកូលអ្វី និងមានទីលំនៅក្នុងភូមិឃុំណាដែរ គ្រាន់តែដឹងថាប្តីគាត់ឈ្មោះ យ៉ា អាយុ៣៦ឆ្នាំ រស់នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល តែប៉ុណ្ណោះ។

ក្រោយពេលសាងស្នេហ៍ រស់នៅជាមួយគ្នាបានរយៈពេលជាង ១ខែ នាងបានមានផ្ទៃពោះ ១ខែនោះតែម្ដង។ ចំណែកឯលោកប្ដីវិញ បន្ទាប់ពីបានដឹងថានាងមានផ្ទៃពោះ ក៏បានចាកចេញទៅមានស្រីថ្មីម្នាក់ទៀត ចោលនាងបាត់គ្មានអាល័យ។ ខណៈនោះនាងបានពពោះឆ្លងកាត់ ការលំបាកគ្រប់បែបយ៉ាង រហូតកូនក្នុងផ្ទៃសម្រាលមក ដែលរហូតពេលនេះមានអាយុ៣ខែទៅហើយ ស្រាប់តែនៅមុនពេលកើតហេតុ ២ថ្ងៃ ស្រាប់តែលេចមុខប្ដីត្រឡប់មកវិញ និងបានសុំនាងរួមរស់ជាមួយគ្នាវិញ ហើយនាងក៏បានយល់ព្រម។

ស្រ្តីនោះបានបន្តថា នាង និងប្ដីបានរួមរស់ជាមួយគ្នាបានរយៈពេល ២ថ្ងៃ រហូតដល់វេលាយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ប្ដីបានប្រើឲ្យនាងទីរកទិញស្រាឲ្យផឹក នាងក៏បានទៅទិញឲ្យហើយក្រោយពេលប្ដីផឹកអស់ ក៏បានប្រើនាងទៅទិញម្ដងទៀត ខណៈនោះនាងក៏បានទៅទិញ ។ លុះពេលត្រឡប់មកវិញ បានឃើញស្រ្តីម្នាក់ ដែលជាប្រពន្ធចុងប្ដី កំពុងស្ថិតនៅទីនោះដែរ។ ចំណែកកូន នាងមិនបានចាប់អារម្មណ៍ទេ ហើយខណៈ បានជួបមុខគ្នា នាងនិងប្រពន្ធចុងប្ដីថ្មី ក៏បានមានទំនាស់គ្នារហូតឈានដល់ការវាយតប់គ្នានៅក្រៅបន្ទប់ជួលមួយប្រ៉ាវ។ ប៉ុន្តែពេលនោះមានការស្ងប់ស្ងាត់ទៅវិញ ដោយបានអ្នកជិតខាងឃាត់ ហើយនាងក៏បានចូលទៅ ក្នុងបន្ទប់វិញ លើកកូនបីស្រាប់តែពេលនោះ កូនបានស្លាប់បាត់ទៅហើយ ដោយមិនដឹងថាស្លាប់ដោយសារអ្វីនោះទេ ។

ក្រោយពីកើតហេតុ សពក្មេងស្រីត្រូវបានសមត្ថកិច្ចជំនាញ ធ្វើកោសល្យវិច័យ ហើយករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ៕

https://youtu.be/2oLBdRGJyhs

មតិយោបល់