ព័ត៌មានជាតិ

MSX បើកលឿនធ្លាក់ប្រឡាយទឹក បុរសម្នាក់របួសធ្ងន់

ព្រះសីហនុ: បុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីបើកម៉ូតូម៉ាក MSX លឿនជ្រុលទៅធ្លាក់ប្រឡាយទឹកទាំងម្ចាស់និងម៉ូតូបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៥០នាទី យប់ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខ វិទ្យាល័យ ហ៊ុន សែន វាលរេញ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះខាងលើ ត្រូវបានគេស្គាល់មានឈ្មោះ ឈឿន ឈៀន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់។

មុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះខាងលើ បើកម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ 1DQ-5849 ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះបានមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូជនរងគ្រោះបានជ្រុលចង្កូត ទៅធ្លាក់ប្រឡាយទឹក ជាប់ផ្លូវជាតិ បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់តែម្តង ត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅគ្លីនិកឯកជន វាលរេញ ៕

មតិយោបល់