ព័ត៌មានជាតិ

ម៉ូតូ ZOOMCR X បុកគូទស្កូបពី នារី៣នាក់របួសធ្ងន់ស្រាល

ភ្នំពេញ: នារី៣នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូ ZOOMCR X បុកម៉ូតូស្កូបពី ក្រោយពេញទំហឹងកាលពីវេលាម៉ោង០១និង១០នាទីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នាល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកស្គូបពី១គ្រឿង ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ1CA-3931 បើកបរដោយនារីម្នាក់ពុំស្គាល់អត្តសញ្ញាណក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុ មានម៉ូតូ១គ្រឿងទៀតម៉ាក ZOOMCR X ពណ៌ខ្មៅលាយទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1FQ-3336 បើកបរដោយនារី២នាក់ក្នុងទិសដៅស្របគ្នាពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូស្គូបពីក្រោយ បណ្តាលឲ្យនារីជាម្ចាស់ម៉ូតូស្គូបពីដួលបោកក្បាលរបួសធ្ងន់ និងនារីអ្នកបើកម៉ូតូ ZOOMCR X ម្នាក់ក៏រងរបួសធ្ងន់ដែរ ហើយនារីដែលជិះពីក្រោយរងរបួសស្រាល។

ក្រោយកើតហេតុនគរបាលចរាចរណ៍ខណ្ឌសែនសុខចុះមកធ្វើការវាស់វែង និងទាក់ទងហៅរថយន្ត សាម៉ុយដឹកនារីរងគ្រោះទៅសង្គោះនៅមន្ទីរពេទ្យឯកជន។ ចំណែកម៉ូតូទាំងពីគ្រឿងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយនៅពេលក្រោយ៕

មតិយោបល់