ព័ត៌មានជាតិ

អូឌី បុកពេញទំហឹងជាមួយរថយន្តហ៊ីណូដឹកដី មនុស្ស២នាក់របួសធ្ងន់

ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាក អូឌី មួយគ្រឿង បានបុកគ្នាពេញទំហឹង ជាមួយរថយន្តហ៊ីណូ ដឹកដី យ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ដែលជិះក្នុងរថយន្តអូឌី របួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង៩យប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា នៅចំណុចចន្លោះស្ពានទី៨និងស្ពានទី៩ ស្ថិតនៅក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ជាមន្ត្រីប៉ូលិសផ្នែកព្រហ្មទណ្ឌខណ្ឌជ្រោយចង្វា បានរួមដំណើរជាមួយមិត្តភក្តិម្នាក់ទៀត ជាអ្នកបើករថយន្តស៊េរីទំនើបម៉ាកអូឌី ពណ៌សបិតខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AG-1719 បើកតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងទៅត្បូង បើកក្នុងល្បឿនយ៉ាងលឿន។ ចំណែករថយន្តដឹកដីម៉ាកហ៊ីណូ ពណ៌ឈាមជ្រូក អត់មានស្លាកលេខ បើកបរតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីត្បូង។ ខណៈមកដល់ចំណុចកើតហេតុ រថយន្តដឹកដីស៊ីញ៉ូបត់ឆ្វេងភ្លាមៗ ទើបបណ្តាលឲ្យរថយន្តអូឌី អកស៊ឺ ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យរថយន្តអូឌីខ្ទេចអស់មួយកំណត់ខាងមុខរួញចូលគ្នា បែកកញ្ចក់ខាងមុខ បណ្តាលឲ្យជនរងគ្រោះដែលជិះរថយន្តអូឌីទាំង២នាក់ រងរបួសធ្ងន់។ ចំណែកឯរថយន្តដឹកដីវិញ វិលមួយជុំជ្រុលចង្កូតឡើងទៅបុកស្លាកសញ្ញាចរាចរណ៍ហើយ ទើលើសួរច្បារពុះចែកទ្រូងផ្លូវ ទៅមុខលែងរួច។ រីឯតៃកុងរថយន្តវិញបានបើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យកាលម៉ែត បានមកដល់ដឹកយកជនរងគ្រោះយកទៅព្យាបាល។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់