ព័ត៌មានជាតិ

ហាងឆេងសណ្តែកបាយ កំពុងទ្បើងថ្លៃនៅដើមខែកក្កដានេះ

ព្រះវិហារៈ ​ដើមខែ​កក្កដា ​ឆ្នាំ​២០១៦នេះ​​ កសិករ​នៅ​ទូទាំង​ខេត្តព្រះវិហារ​ ចាប់ផ្ដើម​ប្រមូល​ផល​សណ្តែក​បាយ​ ដើម្បី​ទុក​លក់​ឲ្យ​ឈ្មួញកណ្តាល​ ដែល​តម្លៃ​សណ្តែកបាយ​ នៅលើ​ទីផ្សារ​ក្នុងស្រុក​ឆ្នាំនេះ​ មាន​ហាងឆេង​ល្អ​ជាង​ឆ្នាំ​២០១៥ ​បន្ថែមទៀត​។

​សេច​ក្ដី​រាយការណ៍ ​​បានឲ្យដឹងថា​ តម្លៃ​ហាងឆេង​សណ្តែកបាយ​កាលពី​ឆ្នាំ​២០១៥​ ថ្លៃ​៣០០០​រៀល​ ក្នុង​១​គី​ទ្បូ​ក្រាម​ ​​​នៅ​​ឆ្នាំ​២០១៦​នេះ​ តម្លៃ​សណ្តែកបាយ​ក្នុងស្រុក​បាន​ហក់​ទ្បើង​ថ្លៃ​ដល់ ​៣៥០០​រៀល ​ក្នុង​១​គី​ទ្បូ​ក្រាម​ គឺ​អាច​ជួយ​លើកស្ទួយ​ជីវភាព​កសិករ​ឲ្យ​កាន់តែ​ធូរធារ​ថែមទៀត​​​មួយ​កម្រិត​ទៀត​ ។

​នៅ​ព្រឹក​ថ្ងៃទី​០៦​ ខែកក្កដា ​ឆ្នាំ​២០១៦ ​​​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​ លោក​​ ​ពឹង​ ទ្រី​ដា ​បាន​ឲ្យដឹង​​ថា​ ឆ្នាំនេះ​ កសិករ​នៅ​ទូទាំង​ខេត្តព្រះវិហារ​ដាំ​ដុះ​សណ្តែកបាយ​បាន​ចំនួន​៨​ពាន់​ហិកតា​ដែល​បាន​ដាំ​តាំងពី​ខែមេសា​ ចុងរដូវ​ប្រាំង​២០១៦​។ ​មកដល់​ខែកក្កដា​នេះ ​កសិករ​ចាប់ផ្តើម​ប្រមូល​ផល​បណ្តើរៗ​ ដែល​ទទួល​បាន​ទិន្នផល​ចាប់ពី​១,២០​តោន​ដល់​១,៥០​តោន​ក្នុង​១​ហិកតា​។

លោក​ប្រធាន​មន្ទីរ​បន្តថា​ តម្លៃ​សណ្តែកបាយ​ឆ្នាំនេះ​មាន​ហាង​ល្អ​គឺ​ថ្លៃ​៣៤០០​រៀល​ដល់​៣៥០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។ ​ដំណាំ​សណ្តែកបាយ​សម្បូរ​ដាំ​ដុះ​ជាងគេ​នៅ​តាម​ស្រុក​ចំនួន​៣ ​រួមមាន​ស្រុក​ត្បែង​មានជ័យ​ស្រុក​សង្គម​ថ្មី ​និង​ស្រុក​គូលែន​។​

លោក​ ថ្លែង​បញ្ជាក់ថា​ បន្ទាប់ពី​ប្រជាកសិករ​ប្រមូល​ផល​សណ្តែកបាយ​ចប់​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ​គឺ​ដល់​រដូវ​ដាំ​ដុះ​ដំណាំ​សណ្តែកសៀង​បន្ត​ទៀត​។

​​គួរបញ្ជាក់ថា​ សណ្តែកបាយ​ជា​មុខទំនិញ​កសិផល​មួយ​ប្រភេទ​រក្សា​តម្លៃ​បាន​ល្អ​ ទាំង​លើ​ទីផ្សារ​ក្នុងស្រុក​ ​និង​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​កម្ពុជា ​ដូចជា​ ប្រទេស​វៀតណាម​ ​និង​ថៃ​ជាដើម ​ដើម្បី​ចូល​រោងចក្រ​ផលិត​ចំណីអាហារ​ផ្សេងៗ​៕

មតិយោបល់