ភ្នំពេញៈ ផ្ទះល្វែងលក់គ្រឿងសង្ហារឹម មួយកន្លែង ដែលមានយីហោ ព្រុំ សំអុល ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍។
ហេតុការណ៍អគ្គិភ័យឆាបឆេះខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលក់គ្រឿងសង្ហារឹម យីហោ ព្រុំ សំអុល តាមបណ្តោយផ្លូវ ២៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយ ចេញពីផ្ទះលក់គ្រឿងសង្ហារឹមចេញមកក្រៅ យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នារាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយកងកម្លាំងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់ផងដែរ។
តាមសម្តីរបស់ស្ត្រីម្នាក់ ដែលជាម្ចាស់ផ្ទះកើតហេតុខាងលើ បានឲ្យដឹងថា នៅខាងក្នុងផ្ទះ មានបងប្អូនរបស់គាត់យ៉ាងតិចណាស់ក៏មានមនុស្ស១០នាក់នៅខាងក្នុង ប៉ុន្តែភ្លាមៗនោះ មនុស្សដែលស្ថិតនៅខាងក្នុងផ្ទះ បានរត់ចេញតាមជាន់លើនៃផ្ទះ ចុះតាមផ្ទះល្វែងដែលនៅជាប់គ្នានោះ និងមិនបង្កឲ្យមានមនុស្សណាម្នាក់ រងរបួសនោះទេ។
ចំណែកមូលហេតុនៃការឆាបឆេះ គឺ បណ្តាលមកពី ទុស្សេចរន្តអគ្គិសនី នៅខាងក្នុងផ្ទះ ទើបបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅបែបនេះ៕
មតិយោបល់