ព័ត៌មានជាតិ

តុលាការនឹងបើកសវនាការ រឿងឃាតកម្មលោក កែម ឡី នៅព្រឹកនេះ

ភ្នំពេញៈ ប្រសិនបើមិនមានការប្រែប្រួលអ្វីនោះទេ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ តុលាការក្រុងភ្នំពេញ នឹងបើកសវនាការលើអង្គសេចក្តីជាសាធារណៈ កាត់ទោសជនជាប់ចោទ ឈ្មោះ ជួប សំលាប់ ដែលជាឃាតករបាញ់ប្រហារជីវិតលោកបណ្ឌិត កែម ឡី។

ជនជាប់ចោទឈ្មោះ អឿត អាង ហៅជួប សំលាប់ ភេទប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧២ ត្រូវបានចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ២០០ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

បើយោងតាមសេចក្តីជូនដំណឹង របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ បានបញ្ជាក់ថា សមាសភាពជំនុំជម្រះនៃសំណុំរឿងនេះរួមមាន៖ ១-លោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ,២-លោក លី សុផាណា ជាតំណាងអយ្យការ និងទី៣-លោក សុខ សេង ជាក្រឡាបញ្ជី។

គួររំលឹកថា ជនជាប់ចោទឈ្មោះ អឿត អាងជួប សំលាប់ ភេទប្រុស អាយុ ៣៨ឆ្នាំ បានបាញ់សម្លាប់ជនរងគ្រោះឈ្មោះ កែម ឡី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ប្រធានអង្គការអភិវឌ្ឍសង្គម និងជាស្រាវជ្រាវបញ្ហាសង្គម មានទីលំនៅផ្ទះលេខ៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច បូកគោ កាលពីវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕

https://youtu.be/GB0SfxZrdUg

មតិយោបល់