ព័ត៌មានជាតិ

ផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ៥ភូមិ ក្នុងស្រុកមង្គលបូរី

បន្ទាយមានជ័យៈ ក្រោយរយៈពេល៣០ថ្ងៃ នៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលត្រូវបិទផ្សាយ នាព្រឹកថ្ងៃទី ១១ឧសភា២០១៦ នៅក្នុងបរិវេណវត្តស្រង់ប្រាសាទ ភូមិភ្នុំតូចត្បូង ឃុំភ្នុំតូចស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋចំនួន៥ភូមិ របស់ឃុំនេះនិងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ដោយស្របច្បាប់ពីរាជរដ្ឋាភិបាល។

ពិធីបិទផ្សាយជាសាធារណៈនេះ ក្រោមការចូលរួមពីសំណាក់លោក ជំទាវ ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ លោក មួង វិបុល អនុប្រធានមន្ទីរសុរិយោដីខេត្ត និងអស់លោកជាប្រធានមន្ទីរស្ថាប័នជុំវិញខេត្តពលរដ្ឋជាម្ចាស់ក្បាលដី។

បន្ទាប់ពីលោក រ័ត្ន ដាស៊ីណង់ អភិបាលរងស្រុកមង្គលបូរី បានលើកឡើងពីសកម្មភាពចុះវាសវែងដីរបស់មន្រ្តីជំនាញ លោក មួង វិបុល អនុប្រធានមន្ទីររៀបចំដែនដី និងនគរូបនីយកម្ម ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ជាបន្តបន្ទាប់មន្ទីរជំនាញសុរិយោដីខេត្តបានអនុវត្តការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធគិតមកដល់ពេលនេះ បានចេញប័ណ្ណកម្មសិទិ្ធដីជូនពលរដ្ឋ លើ៣ស្រុក-ក្រុង បានចំនួន៤២៧៦៨ប័ណ្ណ។

ដោយឡែកសម្រាប់ឱកាសនេះ ឃុំភ្នុំតូច មានចំនួន៥ភូមិ រួមមាន៖ ភូមិភ្នំតូចត្បូង ភូមិភ្នំតូចជើង ភូមិអូរញ ភូមិប៉ោយតាសេកភូមិបឹងត្រស់ រហូតដល់ថ្ងៃទី៩ មិថុនា ២០១៦ ដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធបានធ្វើការវាសវែងរួចនិងចុះបញ្ជីកន្លងមក មានចំនួន៤១០៣ក្បាលដី។

លោក បានបន្តទៀតថា ការបិទផ្សាយនេះមានរយៈពេល៣០ថ្ងៃ រាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក គិកចាប់ពីថ្ងៃទី១១ ឧសាភា ២០១៦ នៅក្នុងបរិវេណវត្តស្រង់ប្រាសាទ ភូមិភ្នំតូចត្បូង។

ផុតកំណត់ គណៈកម្មការរដ្ឋបាល រៀបចំទិន្នន័យដែលបានបិទផ្សាយជាសាធារណៈនេះ មានភាពត្រឹមត្រូវ មិនអាចជំទាស់ ឬ តវ៉ាពេលក្រោយបានឡើយ ។ តែ ដើម្បីជៀសវាងកំហុសខុសឆ្គង សូមអ្នកកាន់កាប់ដី ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមពិនិត្យ លើទិន្នន័យក្បាលដី ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬកំហុសខុសឆ្គង ដែលត្រូវកែតម្រូវ ឬទំទាស់លើទិន្នន័យទាំងនោះ ។

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើការបែងចែកដីជូនប្រជាពលរដ្ឋជាច្រើនលើកមកហើយ តែក្នុងនោះដូចជាការចុះបែងចែកដីធ្លីជូនប្រជាពលរដ្ឋ តាមគោលនយោបាយចាស់សកម្មភាពថ្មី ដែលមានក្រុមយុវជនស្ម័ត្រចិត្តសម្តេចតេជោ បានចុះគ្រប់ច្រកល្ហក វាស់វែងបែងចែកដីជូនប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ សម្រាប់ ការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ក៏បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធស្របច្បាប់ជូនបងប្អូន ។

ក្រោយពីបិទប្រកាសនេះ រួច បងប្អូននឹងទទួលបានប័ណ្ណកម្មសិទ្ធដីធ្លីដែលសម្គាល់ថាជារបស់ខ្លួន មិនអាចអ្នកណាមករំលោភបំពាន។ ម៉្យាងទៀតប័ណ្ណនេះក៏បាន កាត់បន្ថយនូវជម្លោះដីធ្លីដែលតែងកើតមានក្នុងសង្គមខ្មែរ រួចក៏បានជួយដល់បងប្អូនមួយផ្នែកធំ ដើម្បីបានថវិការកស៊ីតាមរយៈការដាក់បញ្ចាំ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ដូច្នេះ ប្រជាពលរដ្ឋត្រូវពិនិត្យឲ្យបានច្បាស់លាស់ និងក្រោយពេលទទួលបានប័ណ្ណកម្មសិទ្ធហើយត្រូវរក្សាទុកឲ្យបានគង់វង្ស៕

IMG-20160511-WA0007 IMG-20160511-WA0013 IMG-20160511-WA0009 IMG-20160511-WA0015

មតិយោបល់