ភ្នំពេញៈ រថយន្តម៉ាកកូរ៉ូឡាបើកបុករថយន្តម៉ាកតាកូម៉ា បណ្តាលឲ្យខូចខាតទាំងសងខាង រួចរថយន្តបង្កបើកគេចរហូតដល់ផ្លូវ៧២P ទើបសមត្ថកិច្ចឃាត់ជាប់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទី ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកូរ៉ូឡាពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2C-1287 បើកតាមបណ្តោយផ្លូវ១០៨៦ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតមកខាងឆ្វេងដៃបណ្តាលឲ្យបុករថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AJ-3711 ដែលកំពុងតែបើកបញ្ច្រាស់ទិសដៅគ្នា បណ្តាលបុករថយន្តតាកូមាចំខាងមុខចំហៀងខាងស្តាំវៀចកាងនិងបែកចង្កៀងព្រមទាំងហូរប្រេងបើកទៅមុខលែងរួច។
ចំណែករថយន្តបង្ក ក្រោយពីបើកបុករួចមក ក៏បានបួងចង្កូតបត់ក្បាលរថយន្តសំដៅទៅទិសខាងលិចគេចខ្លួនប្រហែលជាង២០០០ម៉ែត្រ តែសំណាងអាក្រក់រថយន្តបែកកង់មុខផ្នែកខាងស្តាំទៅមុខលែងរួចត្រូវសមត្ថកិច្ចឃាត់ជាប់។
ក្រោយពេលកើតហេតុភាគីទាំងសងខាងសម្រួលគ្នាដោយភាគីខាងរថយន្តកូរ៉ូឡាសងការខូចខាតទៅឲ្យភាគីខាងតាកូម៉ាចំនួន៤០០ដុល្លារដើម្បីបញ្ចប់រឿង៕
https://youtu.be/MXIMp9m5v3E
មតិយោបល់