ព័ត៌មានជាតិ

រឿងដួសទឹកផឹកសោះ បុរសម្នាក់វាយប្រពន្ធកូនខ្ចីបែកក្បាល

ភ្នំពេញៈ បុរសជាប្តីកំណាចម្នាក់ ពេលមកពីផឹកស្រាស្រវឹងជោគជាំ ហើយនោះ បានប្រើកូនតូចរបស់ខ្លួន ឲ្យទៅដួសទឹកមកឲ្យផឹក តែម្តាយបានហាមកូនតូចនោះមិនឲ្យទៅដួស ស្រាប់តែប្តីក្តៅចិត្ត ក៏វាយប្រពន្ធដែលជាស្ត្រីកូនខ្ចីបែកក្បាលឈាមហូរស្រោចជោគខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅយប់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះជួល ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាប្រពន្ធរងគ្រោះមានឈ្មោះ ផែន ចាន់ អាយុ៣៧ឆ្នាំ មុខរបរជាអ្នកលក់ប្រហុក ចំណែកប្តីដែលជាអ្នកបង្កហិង្សាមានឈ្មោះ សល់ អាយុ៣០ឆ្នាំជាង។

ប្រភពដដែលបន្តថា នៅមុនកើតហេតុ បុរសជាប្តីបានមកពីផឹកស្រាវិញក្នុងសភាពស្រវឹងជោគជាំ ដើរត្រេងត្រាង ខណៈដែលត្រឡប់មកដល់ផ្ទះវិញ ក៏បានប្រើកូនតូចអាយុជាង១ខួប ឲ្យទៅយកធុងទឹកកកតូចមកឲ្យខ្លួនដួសទឹកផឹក តែស្រ្តីជាប្រពន្ធបានឃាត់កូនតូចនោះមិនឲ្យទៅដួសទឹក ស្រាប់តែបុរសជាប្តីក្តៅចិត្ត ខណៈដែលស្រវឹងផងនោះខឹងច្រឡោត វាយស្រ្តីជាប្រពន្ធដែលសសៃខ្ចី បែកក្បាលឈាមហូរស្រោចជោគខ្លួនរួចគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុភ្លាមៗស្រ្តីរងគ្រោះ ត្រូវបានប្រជាពលរដ្ឋដឹកយកព្យាបាលនៅគ្លីនិកឯកជនដើម្បីសង្គ្រោះផងដែរ៕

មតិយោបល់