ព័ត៌មានកីឡា

Muangthong United ​ទិញ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ម្នាក់​ទៀត ​មក​ពង្រឹង​ក្រុម

ក្លឹបMuangthong United ​របស់​ថៃ ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Heberty Fernandes ​មក​ពង្រឹង​ក្រុម​ក្នុង​កុងត្រា​រយៈ​ពេល​២​ឆ្នាំ។

ក្រោយ​ពី​លក់​កីឡាករ ​Cleiton Silva ​ដែល​ជា​ Top Scorer ​នៅ​ក្នុង​ក្រុម​ចេញ​ទៅ​ឱ្យ​ក្លឹប ​Shanghai Shenxin ​របស់​ប្រទេស​ចិន​ទៅ ​ក្រុម ​Muangthong ​បាន​សម្រេច​នាំ​យក​កីឡាករ​ប្រេស៊ីល​ម្នាក់​មក​លេង​តំបន់​ប្រយុទ្ធ​ទៀត​ហើយ។ ដោយ​កីឡាករ​រូប​នេះ​មាន​ឈ្មោះ​ថា Fernandes ​ទិញ​ពី​ក្រុម Al-Shabaab ​របស់​ប្រទេស​អារ៉ាប់បីសាអូឌីត ​និង​មាន​កុងត្រា​រយៈ​ពេល​២​ឆ្នាំ​ជាមួយ​កីឡាករ​ម្នាក់​នេះ។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​នឹង​ទទួល​បាន​អាវ​លេខ​៧​របស់​ក្លឹប ​ដែល​ជា​អតីត​លេខ​អាវ​របស់​កីឡាករ Datsakorn Thonglao ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ​មិន​អាច​បាន​លេង​ក្នុង​ជើង​ទី​១​ពាន​រង្វាន់​លីគ​កំពូល​ថៃ​បាន​នោះ​ទេ ព្រោះ​អី​រូបគេ​ចុះ​ឈ្មោះ​មិន​ទាន់។ Fernandes ​អាច​ចូល​លេង​បាន​ក្នុង​ពាន​រង្វាន់ Cup ​ផ្សេង​ៗ ​មុន​ពេល​ជើង​ទី​២​នៅ​លីគ​ទើប​បាន​ចូល​ជួយ​ក្រុម​បាន។

កីឡាករ​ប្រេស៊ីល​ខាង​លើ​នេះ​គឺ​ជា​អ្នក​រក​គ្រាប់​បាល់​ពូកែ​ម្នាក់ ​កាល​ពី​រូបគេ​នៅ​លេង​ឱ្យ​ក្រុម Ratchaburi FC ​ក្នុង​ប្រទេស​ដែរ។ Fernandes ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ខ្សែ​ប្រយុទ្ធ​ពូកែ​ស៊ុត​បាល់​ឆ្ងាយ ​និង​ហ្វ្រីឃីក​គេ​ល្អ។ កាល​មិន​ទាន់​ផ្លាស់​ទៅ​អារ៉ាប់បីសាអូឌីត ​កីឡាករ​រូប​នេះ​បង្ហាញ​ខ្លួន​ឱ្យ​ Ratchaburi ​ចំនួន​៩០​ប្រកួត ​រក​បាន​ដល់​៦៥​គ្រាប់​ឯ​ណោះ៕

 

មតិយោបល់