ព័ត៌មានជាតិ

គាស់ផ្ទះលើកទី៤ មិនរួចខ្លួន ត្រូវពលរដ្ឋស្វាគមន៍ឡើងចាស់ដៃ

ភ្នំពេញៈ ជនសង្ស័យចាស់ក្មេងចំនួន២នាក់ វាយទម្លាយជញ្ជាំងចូលលួចទ្រព្យសម្បត្តិ ឧបករណ៍ចំនួន៤លើក ត្រូវម្ចាស់ផ្ទះនិងពលរដ្ឋជិតខាងស្វាគមន៍មួយដៃមួយជើងឡើងចាស់ដៃស្ទើរក្សិនក្ស័យ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅផ្ទះលេខ១៤ និង១៥ ភូមិ១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ម៉ាន់ រាម ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវជាពូ ជនសង្ស័យឈ្មោះ ម៉ាន់ ស៊ីនួន ភេទប្រុស អាយុ១២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំផ្សារដីហ៊ុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះមានឈ្មោះ ដេត ស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងតុទូស្នាក់នៅផ្ទះលេខ១៤និង១៥ ភូមិ១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

យោងតាមសម្តីជនរងគ្រោះបានឲ្យដឹងថា ខ្លួនត្រឡប់ពីលាងម៉ូតូនៅម្តុំក្តាន់២ ដោយបានធ្វើដំណើរឆ្លងកាត់ផ្ទះធ្វើ​តុទូក៏ប្រទះឃើញ​ជញ្ជាំងមានបិតបាំងនិងស្បែកជើងនៅខាងក្រៅផ្ទះចំហៀងខាងជើង ក៏បានខលហៅគ្នីគ្នាមកឡោមព័ទ្ធនិងចូលទៅឆែកខាងក្នុង។ ហើយជនសង្ស័យក៏រត់ចេញតាមច្រកជញ្ជាំងដែលវាយទម្លាយចូលដើម្បីលួចសម្ភារៈ ត្រូវបានក្រុមកម្មករដែលត្រៀមព័ទ្ធចាប់​និងវាយមួយនាក់មួយដៃឡើងទ្រោមខ្លួន រួមទាំងប្រជាពលរដ្ឋឆ្លងកាត់ចោមរោមមើលផងដែរ ។

ជនរងគ្រោះបន្តទៀតថា នេះជាលើកទី៤ហើយ និងលើកទី៣ នៅម៉ោង៩យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ មុខថ្ងៃសែនចិនមួយថ្ងៃ ខាងក្រុមកម្មករចាប់បាននិងយកទៅប្រគល់ជូនសមត្ថកិច្ចហើយបានដាក់ពាក្យប្តឹងនៅប៉ុស្ត៏នរគបាលបឹងកក់២ម្តងរួចមក តែដល់ថ្ងៃកើ​ត​ហេតុស្រាប់តែឃើញជនសង្ស័យមកចូលលួចម្តងទៀត ។

ជនរងគ្រោះបានបញ្ជាក់ថា ប្រជាពលរដ្ឋដូចជាអស់សង្ឃឹមទៅលើសមត្ថកិច្ចនគរបាលដែលគ្មានវិធានការចំពោះបញ្ហារក្សាសន្តិសុខ​នៅក្នុងមូលដ្ឋាន រឿងចាប់បានជនសង្ស័យបាន២ទៅ៣ថ្ងៃឃើញដើរពេសពេញផ្លូវអ៊ីចឹង សូមថ្នាក់លើជួយត្រួតពិនិត្យ​មើលរឿង​នេះផង តើភូមិឃុំមានសុវត្ថិភាពនៅឯណា?

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ពូក្មួយត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង​ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់