ព័ត៌មានជាតិ

ស្រវឹងបើករថយន្តហាយឡែនឌ័រ បុកម៉ូតូធំពីក្រោយហើយស្តីឲ្យគេទៀត!

ភ្នំពេញៈ ម៉ូតូធំមួយគ្រឿងត្រូវរថយន្តហាយឡែនឌ័រ បុកបាក់កន្ទុយខាងក្រោយហើយ ត្រូវម្ចាស់រថយន្តដែលធំក្លិនស្រានោះ ស្តីបន្ទោសថាជិះនៅគន្លងផ្លូវរថយន្តទៀត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង២ និង៥នាទីរសៀល ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ នៅខាងមុខសាលាភាសាបរទេស IFL ផ្លូវសហព័ន្ធរុស្ស៊ីកែងនិងផ្លូវ២៦១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសាក្សីឃើញហេតុការណ៍បានប្រាប់ថា មុនពេលកើតហេតុ គេបានឃើញរថយន្តហាយឡេនឌ័រ ពណ៌ស ស្លាកលេខភ្នំពេញ 2AC-6605 បើកបរពីលិចទៅកើតតាមផ្លូវសហព័ន្ធរុស្ស៊ី ពីខាងក្រោយម៉ូតូធំ FZ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BU-7350 ដោយការបើកបរស្របទិសគ្នា ស្រាប់តែមានម៉ូតូនិងរថយន្តឆ្លងកាត់ពីផ្លូវ២៦១ ពីត្បូងទៅជើង ខាងភាគីម៉ូតូធំ FZ ក៏បានបង្អន់ល្បឿន ស្រាប់តែរថយន្តហាឡែនឌ័រ មកបុកពីខាងក្រោយ ហើយបែរជាទូរសព្ទហៅសមត្ថកិច្ចផង អ្នកខាងធានារ៉ាប់រងផង ព្រមទាំងស្តីបន្ទោសឲ្យភាគីខាងម៉ូតូថាជិះនៅលើគន្លងផ្លូវរថយន្តត្រូវសងថ្លៃជួសជុលរថយន្តទៀត ។

ប្រភពបន្តថា រីឯភាគីខាងម៉ូតូរងការខូចខាតបាក់កន្ទុយខាងក្រោយ ត្រូវទិញដាក់ថ្មីតម្លៃ៧០ដុល្លារ រួចក៏បានសំណូមពរជួយតែ ៥០ដុល្លារទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសង្កាត់ទឹកល្អក់១ បានមកគូសបាញ់ថ្នាំយកម៉ូតូនិងរថយន្តអែបខាង ដើម្បីទុកពេលឲ្យភាគីទាំងសង្ខាងសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តពេលនិយាយមកធំក្លិនស្រា ដោយឲ្យចាប់ពី១០ដុល្លារ រហូតឡើងដល់២៥ដុល្លារ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ ខាងសមត្ថកិច្ចចរាចរណ៍មិនបានយកឧបករណ៍ត្រួតពិនិត្យសារធាតុស្រវឹង គឺវាស់ជាតិអាកុលមកជាមួយទេ ទាល់តែមានគោលដៅត្រួតពិនិត្យ និងដឹកយកភាគីទាំងសង្ខាងទៅពិនិត្យនៅអធិការដ្ឋានរគបាលខណ្ឌ ឬចាំឲ្យលោក តី សុវណ្ណារ៉េត ដែលជាអធិការរងខណ្ឌទួលគោក ត្រួតពិនិត្យដោយផ្ទាល់ទើបបាន ។

បច្ចុប្បន្នខាងភាគីម៉ូតូធំមិនចង់វែងឆ្ងាយរហូតដល់ម៉ោង៤និង៣០នាទីល្ងាច នៅថ្ងៃដដែល ដោយចំណាយពេលគ្មានប្រយោជន៍ ក៏សម្រេចចិត្តទទួលយកថ្លៃជួសជុលពីភាគីរថយន្តក្នុងតម្លៃ២៥ដុល្លារសហរដ្ឋអាមេរិច ដើម្បីបញ្ចប់បញ្ហានៅនិងកន្លែងតែម្តង ៕

មតិយោបល់