ម៉ាទ្បេស៊ីៈ តាមរបាយការណ៍ បានឲ្យដឹងថា ប៉ូលិសម៉ាឡេស៊ី បានចេញដីកាចាប់ខ្លួនបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ របស់កូរ៉េខាងជើង Air Koryo ម្នាក់ ជាប់ទាក់ទងនឹងឃាតកម្មសម្លាប់លោក គីម ជុងណាម ដែលត្រូវជាបងប្រុសម្ដាយទីទៃរបស់មេដឹកនាំក្រុងព្យុងយ៉ាង គឺលោក គីម ជុងអ៊ុន។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧។
ជនសង្ស័យឈ្មោះ Kim Uk Il អាយុ ៣៧ ឆ្នាំ ត្រូវបានចាប់ខ្លួន ដើម្បីយកមកសាកសួរ ដោយ អគ្គអធិការប៉ូលិសលោក Khalid Abu Bakar បានឲ្យដឹងនៅក្នុងសារកម្មវិធី WhatsApp មកកាន់បណ្ដាញព័ត៌មានម៉ាទ្បេស៊ី Bernama នៅថ្ងៃសុក្រនេះ ។
លោកបានបន្ថែមទៀតថា ប៉ូលិសបានផ្ញើលិខិតមួយច្បាប់ តាមរយៈក្រសួងការបរទេស ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការពីលោក Hyon Kwang Song ជាលេខាធិការទី២ នៅស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងគូឡាឡាំពួរ។
អាជ្ញាធរម៉ាឡេស៊ី យល់ឃើញថា លោក Hyon បានជួយបញ្ជូនជនសង្ស័យកូរ៉េខាងជើង ០៤នាក់ តាមអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ជាមួយនឹងបុគ្គលិកក្រុមហ៊ុន អាកាសចរណ៍ប្រុសម្នាក់ ជាជនជាតិកូរ៉េខាងជើង ដែលគេជឿថា លោក គីម ជុងណាំ ត្រូវបានគេលួចធ្វើឃាត ដោយជនសង្ស័យទាំង ០៤នាក់នោះ ទំនងជាអ្នករៀបចំគម្រោងការធ្វើឃាតនេះ៕

មតិយោបល់