កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តមួយគ្រឿងបើកបត់មិនប្រយត្ន័ ទៅបុកម៉ូតូអត់ភ្លើងដែលកំពុងជិះដោយមនុស្ស២នាក់ ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភ្លើងស្តុបផ្លូវ១១០ កែង២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាកឡិចស៊ីស RX330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AI-0219 បើកបរក្នុងទិសដៅពីត្បូងមកជើង លុះបានមកដល់ចំណុចកើតហេតុ រថយន្តក៏បត់ឆ្វេង បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាគុប ពណ៌ស្លែ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ស៊ឹម សុភក្ត្រ័ ភេទប្រុស អាយុ២៩ឆ្នាំ (របួសធ្ងន់) ស្នាក់នៅក្នុងភូមិត្រពាំង៣ ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរពីក្រោយឈ្មោះ អេង យេង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងផ្ទះជួលភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូង បណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរពីក្រោយ រងរបួសធ្ងន់ បាក់ជើងឆ្វេងទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិករាជធានីភ្នំពេញ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យនិងវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងខាងលើ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅបណ្តោះអាសន្ន ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់