ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកប្រតិបត្តិការចុះចាប់ខ្លួនជនជាតិវៀតណាមតាមផ្ទះ ដែលបានលួចមករស់នៅប្រទេសកម្ពុជា ដោយខុសច្បាប់ទាំងព្រឹកព្រលឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅក្រោយផ្សារ ម៉ុងឌីយ៉ាល់ ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារដើម.គ ខណ្ឌទួលគោក ដោយធ្វើការឃាត់ខ្លួនជនជាតិវៀតណាមរស់នៅខុសច្បាប់ គ្មានលិខិតស្នាម២២នាក់ ស្រី៧នាក់ ប្រុស១៥នាក់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹកនេះ ក្រុមប្រតិបត្តិការចម្រុះរបស់លោកបានឃាត់ខ្លួនជនជាតិវៀតណាម បានចំនួន២២នាក់ ។ លោកបន្តថា ករណីចុះត្រួតពិនិត្យទីតាំងផ្ទះជួល ស្ថិតនៅក្រោយផ្សារ ម៉ុងឌីយ៉ាល់ ដែលមានជនជាតិវៀតណាមលួចមកស្នាក់នៅ រកស៊ីនឹងធ្វើការ លក់កាហ្វេ ម៉ាស្សា កោសជប់ ដោយខុសច្បាប់។
សម្រាប់ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាន ដើម្បីបន្តសាកសួរ និងធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា បើសិនសមត្ថកិច្ចរកឃើញថា ពួកគេទាំងនោះរស់នៅនឹងធ្វើការដោយខុសច្បាប់មែននោះ។
សូមបញ្ជាក់ថា ក្រោមបទបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងនគរបាល បាននឹងកំពុងបន្តប្រតិបត្តិការចុះត្រួតពិនិត្យជនបរទេស ដែលលួចរស់នៅ និងធ្វើការខុសច្បាប់ជាបន្តបន្ទាប់ទៀតផងដែរ។
ពាក់ព័ន្ធនិងករណីនេះផងដែរ លោកក៏បានធ្វើការអំពាវនាវនិងសុំឲ្យជនបទេសដែលស្នាក់នៅ និងធ្វើការសុំច្បាប់ និងគោរពច្បាប់ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ។
លោកឧត្ដមសេនីយ៍បានបន្តបន្ថែមទៀតថា កន្លងមកលោកបានធ្វើការអំពាវនាវ ដល់ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្ម ការដ្ឋាននានា អស់ឲ្យបញ្ឈប់ការជួលកម្មករបរទេស ដែលចូលមកដោយខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្មរបស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង។
យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោរប្រវេសន៍ បានចែងថា ជនបរទេសណា ដែលគ្មានការអនុញាត ហើយចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួចលាក់បន្លំ ឬល្បិចផ្សេងទៀត ដែលផ្ទុយពីបទបញ្ញត្តិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់គុកពី៣ខែដល់៦ខែ មុននិងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើស ចំពោះជនណាដែលផ្តល់ជំនួយ ឬ ជួយលាក់បាំងក្នុងការបញ្ចូល ជនបរទេស ដែលគ្មានការអនុញាត មកក្នុងព្រះរាជាណាចក្រកម្ពុជា មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ចរូបណា ដែលជាអ្នកសមគំនិត ឬ ជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្តន្ទាទោស ដាក់គុកពី១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬ មិនគោរពបទបញ្ជា ត្រូវទទួលការផ្តន្ទាទោស ផ្នែករដ្ឋបាល មធ្យោបាយ សម្ភារៈប្រើប្រាស់ សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋ៕
មតិយោបល់