កំពង់ធំៈ អំពើហឹង្សាយ៉ាងក្តៅគកុកមួយមានកើតឡើងនៅក្នុងខេត្តកំពង់ធំ ក្នុងត្រកូលកូនអ្នកមានម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះ ចាន់ លាងហៃ ត្រូវជាកូនប្រុសរបស់ លោក ចាន់ កុកលន់ ដែលត្រូវបានគេស្គាល់ឈ្មោះថា ជាអ្នកមានឈ្មោះល្បីល្បាញម្នាក់ ក្នុងធុរៈកិច្ចរោងម៉ាស៊ីនកិនស្រូវ ត្រូវបានកូនប្រុសសំណប់ចិត្ត ប្រើធម៌ក្តៅទៅលើស្ត្រីម្នាក់ ឈ្មោះ ស៊ឹម ម៉ាលី ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលរកស៊ីមានភាគហ៊ុនជាមួយរបស់ឳពុករបស់ខ្លួន ហើយបានយកកែវស្រាគប់សំដៅដោយចេតនា ទៅលើស្ត្រីរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់បែកឈាមហូរឥតឈប់ កាលពីយប់ថ្ងៃទី២៤ ខែ មេសា ឆ្នាំ ២០១៥ ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ តាមការឲ្យដឹងពីលោក វរៈសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន បានឲ្យដឹងថា បន្ទាប់ពីជនដៃដល់ឈ្មោះ ចាន់ លាងហៃ អាយុ ២៦ ឆ្នាំ បានធ្វើសកម្មភាពទៅលើស្ត្រីរងគ្រោះក្នុងពិធីឡើងផ្ទះរបស់ លោក ឆេង វុទ្ធា បណ្តាលឲ្យរងរបួសធ្ងន់ ចំថ្ងាស់ និងច្រមុះដាច់ដល់ឆ្អឹង បណ្តាលឲ្យឈាមហូរឥតឈប់ ទើបក្រុមគ្រួសារដឹកទៅព្យាបាលនៅក្រៅប្រទេស លោកបានបញ្ជាក់ថាករណី អំពើហឹង្សានេះ គឺកើតឡើងដោយសារតែរឿងប្រច័ណ្ឌ តែទោះជាបែបណានោះ សមត្ថកិច្ចនឹងស្រាវជ្រាវនាំខ្លួនជនដៃដល់យ៉ាងដុតដៃដុតជើងដល់ទីបំផុត។ តាមការឲ្យដឹងពីកូនជនរងគ្រោះ បានឲ្យដឹងថាលោក ចាន់ កុកលន់ និងម្តាយរបស់ខ្លួន ព្រមទាំងបក្ខពួកឯទៀតបាន រកស៊ីជាមួយគ្នា ដោយពុំមានដូចការចោទប្រកាន់ និងភាពយល់ច្រឡំរបស់ លោក ចាន់ លាងហៃ ថាឳពុករបស់ខ្លួនមានការទំនាក់ទំនងស្នេហានោះទេ គឺជារឿងដែលមិនអាចទទួលយកបាន ។ ក្រោយពីកើតហេតុជនដៃដល់បានភ័យស្លន់ស្លោរនូវកំហុសរបស់ខ្លួន ប្រព្រឹត្តទៅលើជនរងគ្រោះ ក៏បានបើកឡាន លុចស៊ីស ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-5545 រត់ទៅគេចខ្លួនដោយចូលទៅសង្ងំលាក់ខ្លួននៅមាត់ស្ទឹងព្រៃប្រស់ តែចៃដន្យទៅមុខលែងរួចព្រោះជាប់ផុង ហើយជនដៃដល់បានចុះពីលើរថយន្តហើយរត់គេចខ្លួនបាត់ស្រមោល បន្សល់រថយន្តចោលទើបសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការស្រុកកំពង់ស្វាយ ដើម្បីរងចាំជនដៃដល់ចូលខ្លួនមកដោះស្រាយតាមនិតិវិធីច្បាប់ ៕
ព័ត៌មានជាតិ
មតិយោបល់