ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត មួយគ្រឿងម៉ាកប្រាដូ បើកបរដោយស្ត្រីម្នាក់ ខុសបច្ចេកទេស ហើយបានហោះរំលងសួនច្បារក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្ត មួយគ្រឿង ម៉ាកឡង់គ្រឺស័រ ចំចំហៀងពេញមួយទំហឹង រួចក៏ផ្លោងទៅប៉ះជាមួយរម៉កកង់បី ដែលដឹកស្រាប៊ៀរ បណ្តាលឲ្យខ្ទេចទាំងស្រុង ដោយក្នុងនោះមានមនុស្ស ២នាក់រងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចមុខផ្សារព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ម្ចាស់រថយន្តរងគ្រោះមានឈ្មោះ ស្វាយ សុខឃឿន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ អ្នកបើករថយន្ត ស្នាក់នៅភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ រីឯម្ចាស់រមកកង់បីមានឈ្មោះ គង់ ថន ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកឯស្ត្រីដែលបើករថយន្តបង្កនោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត មួយគ្រឿង ម៉ាកប្រាដូ ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2F-1122 ដោយបើកបរតាមបណ្តោយផ្លូវជាតិលេខ៦អា ទិសដៅពីជើងទៅត្បូង ក្នុងលឿនយ៉ាងលឿន ខណៈពេលកំពុងបើកបរ ស្រាប់តែរថយន្តបង្កម៉ាក ប្រាដូ បានបែកកង់មុខផ្នែកខាងឆ្វេង បានបណ្តាលឲ្យរេចង្កូតមកឆ្វេងដៃ រួចក៏ហោះរំលងសួនច្បារពុះចែកទ្រូងផ្លូវ ក៏ជ្រុលទៅបុករថយន្ត មួយគ្រឿង ម៉ាក ឡង់គ្រឺស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-9839 ពីចំហៀងពេញមួយទំហឹង រួចក៏ផ្លោងទៅប៉ះជាមួយរម៉កកង់បី ដែលកំពុងដឹកស្រាប៊ៀពេញ ដែលបានបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសស្រាលចំនួន ២នាក់។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែង ហើយបានសហការជាមួយសមត្ថកិច្ចចរាចរណ៍ក្រុង ដើម្បីធ្វើការវាស់វែងយករថយន្តបង្ក ព្រមទាំងរថយន្តរងគ្រោះ និងរម៉កកង់បី ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
https://youtu.be/8fyQc2WCCSI
មតិយោបល់