ភ្នំពេញ: បុរសវ័យប្រហែលជាង២០ឆ្នាំម្នាក់ ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ត្រូវបានអ្នកដំណើរតាមផ្លូវប្រទះឃើញដេក ផ្កាប់មុខសន្លប់ស្ដូកស្ដឹងនៅលើផ្លូវ ដែលត្រូវបានគេសង្ស័យថា គាត់ជិះម៉ូតូ ដួលដោយខ្លួនឯង ហើយបានបង្ក ឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៤០នាទី ល្ងាចថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៧នេះ នៅលើកំណាត់ ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលរស់នៅ តាមបណ្ដោយផ្លូវជាតិលេខ៣នោះ បាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើនោះ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ11BK-2643 ធ្វើដំណើរ ក្នុងទិសដៅពីត្បូងទៅជើងតែម្នាក់ឯង។ លុះក្រោយ មកមិនដឹងថាមានរឿងអ្វីកើតឡើងនោះឡើយ ព្រោះជាប់រវល់ធ្វើការមិនបានចាប់អារម្មណ៏តាមមើល ហើយក៏មិនមាននរណាម្នាក់ដឹងថា គាត់មានរឿងបែបនឹងកើតឡើងដែរ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែប្រទះ ឃើញគាត់ដួលដេកផ្កាប់មុខសន្លប់ស្ដូក នៅលើផ្លូវបាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ហើយខណៈនោះត្រូវគេសង្ស័យថា បុរសនោះជិះម៉ូតូដួលដោយខ្លួនឯង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះទៅកាន់កន្លែងកើតហេតុ ឆែកឆេរនៅក្នុងខ្លួន ជនរងគ្រោះដើម្បីរកលិខិតស្នាមផ្សេងៗ ក្រែងស្គាល់អត្តសញ្ញាណ ប៉ុន្តែនៅពេលនោះគ្មានឡើយ មានតែ លុយប៉ុន្មានពាន់រៀលនៅជាប់ខ្លួនតែប៉ុណ្ណោះ ហើយបន្ទាប់មកបានហៅរថយន្តសាមុយ ទៅដឹកយកបុរស នោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ រីឯម៉ូតូត្រូវយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅ៕
មតិយោបល់