ព័ត៌មានជាតិ

ទ្រាំនឹងប្តីវាយមិនបាន ស្ត្រីម្នាក់រត់មកប្តឹងសមត្ថកិច្ច!

ភ្នំពេញៈ ស្ត្រីមានផ្ទៃពោះជាងមួយខែ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ បន្ទាប់ពីត្រូវបានបុរសជាប្តីវាយធ្វើបាបនាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើឈ្មោះ ភា សារឿង អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានស្រុកកំណើតនៅភូមិស្ពឺលិច ឃុំស្ពឺកស្រុកបាភ្នំ ខេត្តព្រៃវែង។

ចំណែកបុរសជាប្តី ដែលបង្កហិង្សាមកលើប្រពន្ធខ្លួននោះឈ្មោះផាន សម្ភស្ស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា។

នារីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅម៉ោងជាង៨យប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ប្តីរបស់គាត់បានប្រើហិង្សាមកលើរូបគាត់ បណ្តាលឲ្យពកក្បាលនិងជាំមុខ ជាពិសេសម្រាមដៃខាងឆ្វេងរបស់គាត់១មានសភាពជាំខ្មៅសង្ស័យពិការផងក៏មិនដឹង។

ស្ត្រីដដែលបន្តថា ឲ្យតែពេលលោកប្តីស្រវឹងគឺតែងតែប្រើហិង្សានិងនិយាយមិនស្តាប់ ទើបពេលនេះខ្លួនទ្រាំលែងបានក៏មកប្តឹងសមត្ថកិច្ចឲ្យជួយនាំប្តីមកធ្វើការអប់រំនិងធ្វើកិច្ចសន្យាឈប់ឲ្យប្រព្រឹត្តអំពើហិង្សាមកលើរូបគាត់តទៅទៀត៕

https://youtu.be/7diFGcBZM40

មតិយោបល់