ព័ត៌មានជាតិ

នោះ! ខឹងឪពុកម្តាយកាត់កាលចោលរត់មកប្តឹងសមត្ថកិច្ច

ភ្នំពេញៈ ស្ត្រីម្នាក់បានទ្រហោយំនៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យជួយអន្តរាគមន៍ ខណៈរូបនាងត្រូវឪពុកម្តាយយកកូនប្រុសអាយុ២ឆ្នាំពីនាង ហើយកាត់កាលដេញចេញពីផ្ទះ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដែលស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ស្ត្រីមានវិបត្តិខាងលើមានឈ្មោះ ផុង វ៉ាន់ណេត អាយុ៣៧ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ចំណែកឯឪពុកឈ្មោះ ផុង កុកយោង អាយុ ៧០ឆ្នាំ មុខរបរនៅផ្ទះ ម្តាយមានឈ្មោះ គឹម ឆាយ អាយុ៦០ឆ្នាំ មានមុខរបរស្នាក់នៅជាមួយគ្នា។

ស្ត្រីខាងលើបានឲ្យដឹងថា កាលពីនាងមានអាយុជាង២០ឆ្នាំ ត្រូវបានប្រុសៗមកលួងលោម សុំស្នេហ៍ពីនាងតែនាងមិនព្រមទេ ដោយនាងនិយាយប្រាប់ថា បើស្រលាញ់នាងពិតត្រូវតែហ៊ានចូលទៅដណ្តឹងដល់ចាស់ទុំ និងឪពុកម្តាយរបស់នាង ទើបនាងព្រម។ បន្ទាប់មកប្រុសៗដែលសុំស្នេហ៍រូបនាងចំនួន ៥នាក់នោះ បានចូលទៅដណ្តឹងនាងដល់ចាស់ទុំ និងឪពុកម្តាយរបស់នាងជាបន្តបន្ទាប់ទាំង ៥នាក់ ក៏ប៉ុន្តែឪពុកម្តាយនាងមិនព្រមឲ្យទៅបុរសម្នាក់នោះឡើយ ហើយដោយនិយាយប្រាប់នាងថាមិនបាច់យកប្តីទេ ពីព្រោះប្រុសៗដែលស្រលាញ់រូបនាងសុទ្ធតែបោកប្រាស់ទាំងអស់ទេ។ រហូតលុះដល់នាងមានអាយុ ៣៤ឆ្នាំ ក៏នាងបានស្គាល់បុរសម្នាក់តាមរយៈការច្រឡំលេខទូរសព្ទ ហើយនាងក៏បានទំនាក់ទំនងនិងស្រលាញ់គ្នាដែលជាបុរសទី៦ រហូតបានចូលទៅដណ្តឹងនាងដល់ចាស់ទុំ និងឪពុកម្តាយរបស់នាងដែរ នៅតែឪពុកម្តាយរបស់នាងមិនព្រមដដែល។

ស្ត្រីនោះបានបន្តថា ក្រោយមកដោយសារតែនាងស្រលាញ់បុរសនោះខ្លាំងពេក ហើយរូបនាងក៏បានសម្រេចចិត្តវិចបង្វិចខោអាវរត់ទៅនៅផ្ទះបុរសទី៦នោះ រហូតបានរយៈពេល ៣ឆ្នាំ ក៏បង្កើតបានកូនប្រុសអាយុ ២ឆ្នាំម្នាក់។

ស្ត្រីនោះបានបន្តទៀតឲ្យដឹងថា កាលពីកន្លងមកឪពុកម្កាយតែងតែបិទសិទ្ធិសេរីភាព និងប្រើហិង្សាមកលើនាង រហូតនាងទ្រាំលែងបាន ក៏រត់ចេញពីផ្ទះ ហើយបានទៅជួបបុរសម្នាក់នោះ រហូតបានកូនប្រុសម្នាក់អាយុ ២ឆ្នាំ ក្រោយមកបុរសនោះបានបោះបង់នាងចោលហើយនាងក៏ត្រឡប់មកនៅផ្ទះវិញ ដោយរស់នៅជាមួយឪពុកម្តាយ ហើយគាត់បានរករឿងនិងធ្វើបាបនាងស្ទើរគ្រប់ពេល។

លុះមកដល់ថ្ងៃកើតហេតុខាងលើ ឪពុកម្តាយរបស់នាងបានវាយធ្វើបាប និងដណ្តើមយកកូនប្រុសរបស់នាងថា យកទៅមួលកសម្លាប់ចោល ភ្លាមៗនោះ នាងក៏ភ័យស្លន់ស្លោរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែឲ្យជួយអន្តរាគមន៍ តែត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែបដិសេធន៍មិនទទួលពាក្យបណ្តឹង។

ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អ្នកសារព័ត៌មានយើង ទូរសព្ទទៅឪពុករបស់នាង ដើម្បីសុំការបំភ្លឺពីគាត់ ដោយគាត់បានឆ្លើយបដិសេធន៍ថា ពាក្យសម្តីរបស់កូនគាត់និយាយទាំងអស់នោះមិនមែនជាការពិតនោះឡើយ៕

មតិយោបល់