ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ជំងឺតួឯកឬអ្វីក៏ខ្លួនចេះទាំងអស់នោះ គឺមិនបាននាំមកនូវការរីកចម្រើនឡើយ ផ្ទុយទៅវិញគឺនាំមកនូវភាពអសកម្ម និងភាពឯកោទៅវិញទេ។
សម្តេចបានថ្លែងបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និសិ្សតវិទ្យាស្ថានអាយអាយស៊ី (IIC) នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ។ សម្តេចតេជោ ក៏បានរំលឹកអំពីជំនាន់ ប៉ុល ពត ដល់ក្មួយៗយុវជនឲ្យបានដឹងផងដែរថា សម័យនោះ គឺធនធានមនុស្សត្រូវបំផ្លាញស្ទើរទាំងស្រុង។ នៅពេលនេះយើងកំពុងជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាពដើម្បីចូលរួម អភិវឌ្ឍន៌ប្រទេសជាតិ។
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាការពារសន្តិភាព ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងយុវជន ដែលយើងបាត់បង់ឱកាសបែបនេះតាំងពីជំនាន់សង្រ្គាមឆ្នាំ១៩៧០។ សម្តេចបានមានប្រសាសន៍ថា ខ្ញុំមិនបណ្តោយឲ្យយុវជនខ្មែរទទួលរងគ្រោះបាត់បង់ឱកាស មិនបានសិក្សាដូចដែលបានកើតឡើងកាលពីជំនាន់សង្រ្គាមដែលរូបខ្ញុំធ្លាប់បានឆ្លងកាត់។
ខ្ញុំសូមឆ្លើយទៅសំណួរក្នុង Facebook ចំពោះគ្រូពេទ្យជំនាញឯកទេស យើងដែលកំពុងជាប់កិច្ចសន្យា គឺរាជរដ្ឋាភិបាល នឹងបញ្ចូលជាមន្រ្តីមានក្របខ័ណ្ឌ ដើម្បីគ្រូពេទ្យយើងទទួលបានប្រាក់ខែសមរម្យ។ ខ្ញុំសូមលើកទឹកចិត្តយុវជន ចូលរួមក្នុងកម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា ដើម្បីជំរុញការកសាងអំពើល្អឲ្យកាន់តែច្រើននៅក្នុងសង្គមជាតិយើង៕
មតិយោបល់