ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ត្រូវបានរថយន្តម៉ាក ហាយឡែនឌ័រ មួយគ្រឿង បានបើកបុកនឹងម៉ូតូហុងដាឌ្រីមរបស់ជនរងគ្រោះ ដែលកំពុងធ្វើដំណើរស្របទិសគ្នា ពេញមួយទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទី នៅស្តុប២៤ម៉ោង ចំណុចផ្លូវម៉ុងរិទ្ធី កែងនឹងផ្លូវ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចមកដល់កន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១១ ពាក់ស្លាកលេខ បាត់ដំបង 1L-2078 បានជិះម្នាក់ឯង តាមបណ្តោយផ្លូវ ម៉ុងរិទ្ធី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចផ្លូវកែងលេខ ១០១៥ ក៏មានរថយន្តហាយឡែនឌ័រ មិនចាំស្លាកលេខ បានបើកបរស្របទិសគ្នាតាមបណ្តោយផ្លូវម៉ុងរិទ្ធី ក៏ជ្រុលមកបុកម៉ូតូពីក្រោយ បណ្តាលឲ្យម៉ូតូនិងអ្នកបើក ហោះផ្លោងទៅបុកនឹងបង្គោលស្លាកបង្ហាញផ្លូវ បោកផ្ទុបនឹងចិញ្ចើមផ្លូវ បែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីរថយន្តបង្កបើកបុកម៉ូតូជនរងគ្រោះហើយក៏បើកគេចចូលទៅផ្លូវលេខ ១០១៥ បាត់ស្រមោលតែម្តង ។ ចំណែកជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៏ខាងលើនេះមានឈ្មោះ រឿន សុភីនិត នៅស្រុកគ្រករ ខេត្តពោធិ៍សាត់។
បច្ចុប្បន្នសាកសពត្រូវបានរថយន្តសាម៉ុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ហើយចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយករក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ រង់ចាំស្រាវជ្រាវរថយន្តបង្កតាមជំនាញនាពេលក្រោយផងដែរ ៕
មតិយោបល់