ព័ត៌មានជាតិ

រថយន្តដឹកទំនិញ ប្រឡះទ្រូងផ្លូវពេញទំហឹងបាក់ខ្ទេចទាំងយប់!

ភ្នំពេញៈ របាំងថ្មចែកទ្រូវផ្លូវចំនួន៤កង់ បានបាក់ខ្ទេច រាយប៉ាយពេញផ្លូវ បន្ទាប់ពីត្រូវរថយន្តដឹកទំនិញមួយគ្រឿង បើកលឿនជ្រុលមកបុកពេញទំហឹង កាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងត្បូងស្តុបទេបផន តាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នកដំណើរម្នាក់បានឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យភ្នាក់ងារ Post News ដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តធន់ធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-5505 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ រថយន្តបង្កបានរេចង្កូតទៅបុកនឹងរបាំងថ្មចែកទ្រូងពេញទំហឹង ដោយសារទីតាំងខាងលើជាកន្លែងងងឹតផងនោះ ក៏បណ្តាលឲ្យរបាំងថ្មចែកទ្រូងផ្លូវបាក់អស់ចំនួន៤កង់ រាយប៉ាយពេញផ្លូវ ហើយរថយន្តបង្កបានបែកកង់និងដាច់កាឡេទៅមុខលែងរួចតែម្តង សំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់មាន របួសនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍មូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ សហការជាមួយនគរបាលជំនាញចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំយករថយន្តខាងលើ យកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់