ពោធិ៍សាត់ៈ លោក អធិការរងស្រុកបាកាន បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿង បើកលឿនទៅបុកគោយន្តកន្ត្រៃអូសរម៉ក បណ្តាលឲ្យម្នាក់ស្លាប់ និង៤នាក់ទៀត រងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទី យប់ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៩៩-២០០ ម្តុំភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក អធិការរងស្រុកបាកាន បានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើង រវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់លាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1767 ក្នុងទិសដៅពីលិចទៅកើត លុះបានមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកគោយន្តកន្ត្រៃអូសរម៉ក ដែលកំពុងបើកបរក្នុងទិសដៅស្របទិសគ្នាពីលិចទៅកើត យ៉ាងពេញទំហឹង ដែលកំពុងបើកបរដោយឈ្មោះសេង ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន (រងរបួសស្រាល) និងបណ្តាលឲ្យអ្នករួមដំណើរចំនួន៤នាក់ទៀតស្លាប់និងរបួស ក្នុងនោះទី១ឈ្មោះ មួង ហៀក ភេទស្រី អាយុ៦០ឆ្នាំ(ស្លាប់) ,ទី២ឈ្មោះ សេង សុផល ភេទប្រុស អាយុ៣៧ឆ្នាំ(ស្រាល) ,ទី៣ឈ្មោះ សេង ស្រីលក្ខ័ ភេទស្រី អាយុ១៩ឆ្នាំ (ស្រាល) និងទី៤ឈ្មោះ ឆេង សំអាត ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា។ ជនរងគ្រោះដែលរងរបួសទាំង៤នាក់ខាងលើ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមណ្ឌលសុខភាព ស្នាមព្រះ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើវាស់វែងនាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់