ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រថយន្តដឹកសិស្សរបស់សាលារៀនអន្តរជាតិ អាមេរិកាំងប្រ៊ិជ បុកម៉ូតូបណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់និងរបួសស្រាលម្នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវកែងមុខវត្តសំរោងត្បូង លើផ្លូវបេតុង ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ សាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2V-7422 របស់សាលារៀនអន្តរជាតិ អាមេរិកាំងប្រ៊ិជធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង អ្នកបើកបរឈ្មោះ ខឹម ប៊ុនធា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូ០១គ្រឿង ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-8047 ធ្វើដំណើរលើផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច អ្នកបើកបរម៉ូតូឈ្មោះ ឡេ ស៊ិនដុង ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នពេញ (រងរបួសធ្ងន់)។
មន្ត្រីនគរបាលដដែលបន្តថា មូលហេតុបណ្តាលមកពីរអ្នកបើកបររថយន្ត(សាំងយ៉ុង) បើកលឿនមិនប្រកាន់ចំណែកផ្លូវ ហើយខ្វះការប្រុងប្រយ័ត្ន ក៏បុកជាមួយម៉ូតូ ហុងដាសេ១២៥តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ។ ចំណែកមធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីដោះស្រាយតាមនីតិវិធី ៕
មតិយោបល់