ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ បើករថយន្តទៅបុករបាំងថ្មចែកទ្រូងផ្លូវផ្អើលទាំងយប់

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ បើករថយន្តជ្រុល ទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តកល់ជាប់ទៅមុខលែងរួច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវម៉ៅសេទុង ខាងជើងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នកបើកបររថយន្តខាងលើ មិនត្រូវបានគេស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាបុរស មានវ័យប្រហែល៥០ឆ្នាំ បើករថយន្តមួយគ្រឿងម៉ាក ហាយឡាក់វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-5772 ។

តាមសម្តីអ្នកបើកបរបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ចេញពីហូបអីជាមួយមិត្តភក្តិ បន្ទាប់ពីហូបរួចរាល់ហើយ ក៏បើករថយន្តត្រឡប់មកផ្ទះវិញ ពេលបើកមកដល់កន្លែងកើតហេតុដោយសារផ្លូវងងឹត និងបូករួមគាត់ស្រវឹងបន្តិចផងនោះ ក៏បើករថយន្តឡើងរបាំងថ្មតែម្តងទៅ។ ភ្លាមៗនោះអ្នកបើកបរ បានហៅអ្នករត់ម៉ូតូឌុប និងកង់បីមួយចំនួន ឲ្យជួយរុញរថយន្តគាត់ចេញពីកន្លែងកើតហេតុតែដោយរថយន្តកល់បាតជាប់ទៅហើយទើបរុញអត់រួច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅកម្លាំងជំនាញ ដើម្បីស្ទួចយករថយន្តបង្ក យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់ដោះស្រាយចេញ ថ្លៃរបាំងថ្មដែលខូចខាត ៕

មតិយោបល់