ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីត បែកកង់ បានរេចង្កូតទៅបុកស្លាកចរាចរណ៍ដាច់មួយផ្ទាំង ហើយផ្នែកខាងក្រោយរថយន្តបោកផ្ទប់នឹងគល់ឈើ ជ្រុលឡើងឃឿនការ៉ូឡា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ឥនិង១០នាទី យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៥៩៨ មុខក្រុមហ៊ុនអ៊ីដតខូ ខេមបូឌា ខូអិលធីឌី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញបុរសម្នាក់បើករថយន្តកាមរីហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-7678 តាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ផ្លូវមានរាងកោង រថយន្តបានបែកកង់ ហើយក៏រ៉េចង្កូតមកស្តាំដៃធ្លាក់ផ្លូវបុកស្លាកចរាចរណ៍ដាច់ត្រឹមគល់ ហើយរថយន្តផ្នែកខាងក្រោយខាងស្តាំបានបោកផ្ទប់នឹងគល់ឈើ រថយន្តនៅមិនទាន់អស់ល្បឿនជ្រុលទៅមុខជាង១០០ម៉ែត្រទើបឈប់ដោយបែកកង់ទាំងអស់ទៅមុខលែងរួច។
ក្រោយកើតហេតុ ម្ចាស់រថយន្តបានហៅរថយន្តមកស្ទូចដើម្បីគេចចេញកន្លែងកើតហេតុ ចៃដន្យកម្លាំងនគរបាលខណ្ឌឬស្សីកែវល្បាតជួប បានសួរនាំឃាត់រថយន្តបង្ក និងបានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌហៅជំនាញចរាចរណ៍ក្រុងមកយករថយន្តបង្ករនិងម្ចាស់ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់