គ្មានអ្នកណាមិនដឹងនោះទេ ថាលោកសុគន្ធ ដេវីដ និងកញ្ញា ច័ន្ទ ម៉ាលីស គឺជាតារាដែលត្រូវវាយសំពងដោយការរិះគន់ព្រមគ្នា បន្ទាប់ពីអ្នកទាំងពីរចេញបទរៀងខ្លួន ហើយមានសាច់រឿង និងខ្លឹមសារត្រូវបានមហាជនរិះគន់ថាអសីលធម៌។ បទរបស់ពួកគេត្រូវបានក្រសួងប្រកាសបិទបណ្ដាក់គ្នា អ៊ីចឹងហើយទើបមានការចាប់អារម្មណ៍គួរសម នៅពេលតារាទំាំងពីរមានឱកាសឡើងឆាក MY TV កាលពីថ្ងៃទី២០ មីនា ហើយស្រាប់តែពួកគេប្រកាសថានឹងធ្វើជាដៃគូស្លាប់រស់ជាមួយគ្នារាល់គ្រប់វេទិកាសិល្បៈ។
លោកសុគន្ធ ដេវីដ ត្រូវបានគេស្គាល់កាន់តែច្បាស់តាមរយៈបទចម្រៀង«សង្សារខ្ញុំចរឹតបាន» ខណៈដែលដៃគូរបស់លោកក៏ត្រូវគេស្គាល់ថាច្បាស់តាមរយៈបទ«ទាល់តែយូរបានស៊ីអូនបាន» ហើយបទទាំងពីររងការរិះគន់ដូចគ្នា។ ក្រោយការរិះគន់អ្នកទាំងពីរមិនស្ងាត់សិល្បៈ ដូចការប៉ាន់ស្មាននោះទេ ផ្ទុយទៅវិញក៏មានឱកាសចេញច្រៀង និងឡើងឆាកជាងមុន ក្នុងពេលដែលផលិតកម្មដែលពួកគេជ្រករួមគ្នាគឺផលិតកម្ម BN ក៏ហាក់ដូចជាផ្ដោតការជ្រោមជ្រែងខុសពីតារាចម្រៀងកុងត្រាដទៃ។ លោកសុគន្ធ ដេវីដ បានអះអាងថាបើទោះជាត្រូវបិទចោលនូវបទចម្រៀង«សង្សារខ្ញុំចរឹតបាន» និងរងការរិះគន់ពីសំណាក់មហាជន ក៏លោកមិនបានប្រកាន់ជំហរបញ្ចប់អាជីពសិល្បៈនោះដែរ គឺនៅតែបន្តបញ្ចេញស្នាដៃជាច្រើនទៀតដើម្បីវាតយកទីផ្សារ។ កញ្ញាច័ន្ទ ម៉ាលីស ក៏ត្រូវលោកប្រាប់ថាប្រឹងប្រែងដូចគ្នាផងដែរដើម្បីលុបលាងការរិះគន់ដែលបានផ្ទុះឡើង។ លោក និងនាងត្រូវបានផលិតកម្ម BN ផលិតបទអោយច្រៀងរួមគ្នា ទើបលោកសម្រេចថានឹងធ្វើជាដៃគូស្លាប់រស់ជាមួយគ្នា ដរាបណានៅតែបន្តអាជីពសិល្បៈ។ លោកដេវីដ និយាយថា លោកបានប្រកាសក្នុងឱកាសឡើងច្រៀងនៅMY TV កាលពីថ្ងៃអាទិត្យ មិនមែនជាការលើកឡើងលេងៗនោះទេ ដោយសារមុនការប្រកាសនោះលោក និងច័ន្ទ ម៉ាលីស បានស្វែងយល់ពីគ្នាជុំវិញការងារឡើងច្រៀងរួមគ្នានូវគ្រប់វេទិកាសិល្បៈរួចទៅហើយ។ លោកនិយាយថាជាគម្រោងលោក និងផលិតបទរួមគ្នាអោយបានច្រើន ដោយរួមមានទាំងបទបកប្រែ និងបទនិពន្ធថ្មី ដើម្បីអោយមានការចាប់អារម្មណ៍នៅពេលឡើងឆាករូមគ្នា។ លោកចាត់ទុកថាការចាប់ដៃគូ ធ្វើអោយកម្រិតឈានឡើងមានការប្រែប្រួល ជាពិសេសនៅពេលលោក និងនាងច័ន្ទ ម៉ាលីស ម្ចាស់បទ«ទាល់តែយូរបានស៊ីអូនបាន»បញ្ចេញក្បាច់រាំយ៉ាងរស់រវើករួមគ្នា ហើយមានកាយវិកាស៊ីសង្វាក់ធ្វើអោយគេចាប់អារម្មណ៍ថាអ្នកទាំងពីរទំនងជាមានភាពល្អូកល្អិនលើសពីការងារសិល្បៈ ទើបប្រកាសយកគ្នាជាដៃគូស្លាប់រស់ណោះ៕
មតិយោបល់