ភ្នំពេញ: ចាញ់បោកអ្នកទទួលម៉ៅការសំណង់ ក្រោយពីបំពេញការងាររួចរាល់ អ្នកម៉ៅការវេចលុយចំនួន១៤លាន២៣មុឺនរៀល ហើយគេចខ្លួនបាត់ ទុកឲ្យកម្មករនិងមេជាងរងគ្រោះ ឆោឡោ រត់ទៅប្តឹងអាជ្ញាធរសង្កាត់កាកាប ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ភ្នាក់ងារ Post News បានឲ្យដឹងថា ស្រ្តីរងគ្រោះ មានឈ្មោះ ឡន សុខន អាយុ៤៧ឆ្នាំ ស្នាក់នៅ ភូមិប៉ាយ៉ាប សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានប្តី ឈ្មោះ កែវ រីន អាយុ៥១ឆ្នាំ ជាមេការសំណង់ មានស្រុកកំណើតនៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ប្រភពបានបន្តថា ស្រ្តីរងគ្រោះ តំណាងឲ្យកម្មករជាង២០នាក់ បានរៀបរាប់ឲ្យដឹងថា គាត់រួមជាមួយប្តី បានទទួលម៉ៅការសំណង់ផ្ទះល្វែង បុរីសែនសុខ មួយកន្លែងដែលមានទីតាំងស្ថិតនៅ ក្នុងភូមិព្រៃសិលា២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយចាប់ធ្វើការងារតាំងពីខែតុលា ឆ្នាំ២០១៦មកម្ល៉េះ ផ្នែកខាងរៀបឥដ្ឋ និងបូក ។ ស្រ្តីខាងលើបន្តទៀតថា គាត់ទទួល ដេញថ្លៃបានពីឈ្មោះ វី ភេទប្រុស មិនស្គាល់អត្តសញ្ញាណច្បាស់ បច្ចុប្បន្នគេចខ្លួនបាត់ ហើយឈ្មោះ វី នេះទៀតសោត បានដេញថ្លៃបន្ត ពីឈ្មោះ ឆាត ជាអ្នកទទួល ការងារពីក្រុមហ៊ុន សំណង់បុរី ខាងលើ លុះធ្វើការងារ រៀបឥដ្ឋនិងបូក សុីម៉ង់ត៍ រួមជាមួយកម្មករចំនួន២២នាក់ទៀត បានរួចរាល់ តាមផែនការព្រមព្រៀង ក្នុងខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមក ស្រាប់តែទូរទាត់លុយ សម្រាប់កម្មករ បែជាឈ្មោះ ឆាត ប្រាប់ថា ឈ្មោះ វី បានបើកលុយយកទៅបាត់ហើយ ចំនួន១៤លាន២៣មុឺនរៀល នៅសល់តែលុយ៤លានរៀលតែប៉ុណ្ណោះ ក្នុងលុយសរុបចំនួន១៨លាន២៣មុឺនរៀល ។ ស្រ្តីរងគ្រោះ បានបញ្ជាក់ផងដែរថា កាលពីចាប់ផ្តើមធ្វើការងារដំបូង ឈ្មោះ ឆាត ជាអ្នកម៉ៅការទទួលពីក្រុមហ៊ុន បានប្រាប់បញ្ជាក់ផងដែរឲ្យគាត់រកកម្មករមកធ្វើទៅ រឿងលុយកាក់ ពេលបើក ចាំគាត់ បើកប្រគល់ទូទាត់ឲ្យដល់ដៃ ថ្វីបើគាត់២នាក់ប្តីប្រពន្ធ ទទួលដេញថ្លៃពីឈ្មោះ វី ក៏ដោយ ផ្ទុយទៅវិញ ពេលការងារចប់សព្វគ្រប់ បែជា ឈ្មោះ ឆាត ប្រគល់លុយ ជាង១៤លានរៀលទៅឲ្យឈ្មោះ វី ហើយបណ្តោយឲ្យរត់គេចខ្លួនបាត់ ។
ប្រភពដដែលបានបន្តទៀតថា ស្រ្តីរងគ្រោះ បានត្អូញត្អែថា ធ្វើការងារ ក្នុងការដ្ឋានសំណង់ បុរីខាងលើអស់រយៈពេលជាង៥ខែ សរុបលុយ បានត្រឹម១ពាន់ដុល្លារ ស្មើ៤លានរៀល ទុកឲ្យកម្មករចំនួន២២នាក់ទៀតទទួលរងដាច់បាយ ក្រហាយទឹក ដោយសារលុយញើសឈាម ។
ដោយសារភាពមិនប្រក្រតី ពេលដែលធ្វើការងារហើយមិនបានលុយ សាកសួរទៅ ឈ្មោះ ឆាត ជាអ្នក ធានាទទួលខុសត្រូវ បែរជាឆ្លើយថា ម្តងរង់ចាំថ្ងៃនេះ ម្តងឆ្លើយថារង់ចាំថ្ងៃនោះ អូសបន្លាយពេលវេលា ៥សប្តាហ៍កន្លងមកហើយ ម្យ៉ាងកម្មករ ដាច់បាយ ទើបសម្រេចចិត្តរត់ទៅសុំការអន្តរាគមន៍ ពីអាជ្ញាធរសង្កាត់កាកាប តែម្តង ។
ហេតុការណ៍ខាងលើ ថ្វីត្បិត ស្រ្តី២នាក់ប្តីប្រពន្ធ តំណាងឲ្យកម្មករ២២នាក់ទៀត មកប្តឹងអាជ្ញាធរក៏ដោយ មិនទាន់មានដំណោះស្រាយនៅឡើយ ស្របពេលដែលលោកចៅសង្កាត់ ជាប់រវល់ប្រជុំ សូមឲ្យជនរងគ្រោះរង់ចាំ និងចេញលិខិត ហៅឈ្មោះ ឆាត បច្ចុប្បន្នស្នាក់នៅ ក្រុមហ៊ុនសំណង់បុរី ខាងលើ មកសាកសួរ ជាមុនសិន ៕
https://youtu.be/p2i-qUTAtfM
មតិយោបល់