ភ្នំពេញ: បុរសជនជាតិសាំងហ្គាពួរម្នាក់ កំពុងលេងបុកប៊ីយែជាមួយស្រីស្នេហ៍ នៅក្នុងហាងបារាំងយីហោ INTIXICA BAR ស្រាប់តែគាំងបេះដូងស្លាប់មួយរំពេច ហើយត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ សង់ត្រាល់ ប៉ុន្តែដោយអកុសលក៏បានដាច់ខ្យល់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានផងដែរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ទី២០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១៣០ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ភ្នាក់ងារ Post News បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ SAHFIEE BIN MOHD RASHID ភេទប្រុស កើតនៅឆ្នាំ១៩៧១ ជនជាតិសាំងហ្គាពួរ កាន់លិខិតលេខ E3641495J ស្នាក់នៅសណ្ឋានគារ RIVER HOUSE ផ្លូវលេខ ២៤២ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ជនរងគ្រោះមានជំងឺលើសឈាម និងទឹកនោមផ្អែម ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះបានទៅលេងបុកប៊ីយែជាមួយស្រីស្នេហ៍ នៅក្នុងហាងបារាំងយីហោ INTIXICA BAR ស្រាប់តែគាំងបេះដូងស្លាប់មួយរំពេច ហើយត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ សង់ត្រាល់ ប៉ុន្តែដោយអកុសលក៏បានដាច់ខ្យល់ស្លាប់តែម្តង ។
ឆ្លងតាមការពិនិត្យរបស់លោក នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញបានបញ្ជាក់ថាបុរសរងគ្រោះពិតជាស្លាប់ដោយគាំងបេះដូងពិតប្រាកដមែន ព្រោះមានជម្ងឺប្រចាំកាយទឹកនោះផ្អែមនិងលើសឈាម ។
បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់