ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់នៅក្នុងចម្ការ សង្ស័យជាករណីឃាតកម្ម

កណ្តាលៈ បុរសម្នាក់ ដេកស្លាប់នៅចម្ការខ្ទឹម ដោយមានស្នាមរបួសសង្ស័យជាករណីឃាតកម្ម បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី រំលងអាធ្រាត្រ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចដីចម្ការខ្ទឹម របស់ឈ្មោះ ណន ឌី ស្ថិតនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្កណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុញ ដារ៉ា ហៅរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ នៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញជនរងគ្រោះ បានបាញ់ថ្នាំខ្ទឹម ថ្នាំដង្កូវ នៅដីចម្ការខាងលើ នៅវេលាម៉ោង៧និង៤០នាទី រហូតមកដល់វេលាម៉ោង១១និង៣៥នាទី ថ្ងៃដដែល ដោយមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ទើបឈ្មោះ ឌី មួយទៀង ត្រូវជាប្រពន្ធ បានប្រាប់ឪពុកម្ដាយ ភ្លាម នោះឈ្មោះ ណន ឌី និងប្រពន្ធឈ្មោះ ខែម លីម ជិះម៉ូតូទៅតាមមើលកូនប្រសារនៅចម្ការខ្ទឹម ពេលទៅដល់ បានឃើញជនរងគ្រោះ ដេកផ្ងារស្លាប់ ដោយមានស្ពាយធុងបាញ់ថ្នាំនៅនឹងស្មា ភ្លាមនោះឈ្មោះ ណន ឌី បានដោះធុងបាញ់ថ្នាំចេញ រួចឈ្មោះ ខែម លីម បានជិះម៉ូតូមកហៅបងប្អូន ដើម្បីយកសាកសពត្រឡប់មកផ្ទះវិញ រង់ចាំសមត្ថកិច្ចមកពិនិត្យសាកសព។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលស្រុក និងប៉ុស្ដិ៍ដឹកនាំដោយលោក សេង សុជាតិ អធិការស្រុកស្អាង បានមកដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះពិតជាស្លាប់ដោយសារតែករណីឃាតកម្មពិតប្រាកដមែន ហើយពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីស្វែករកជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់