ព័ត៌មានជាតិ

លឿននោះលឿន! ចូលទិញទឹកមួយភ្លែត បាត់ម៉ូតូភ្លាម

ភ្នំពេញ: បុរសម្នាក់បានទុកម៉ូតូនៅការាសសាំង និងម៉ាតសមប្រាថ្នា តែបីទៅបួននាទីសោះត្រូវជនសង្ស័យជិះយកទៅបាត់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតកើតកាលពីវេលាម៉ោង១១ ថ្ងៃត្រង់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅបរិវេណការាសសាំងសមប្រាថ្នា ក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលត្រូវចោរយកម៉ូតូទៅនោះមានឈ្មោះ ងឹន សាវ៉ុន អាយុ២៩ឆ្នាំ មុខរបរពិនិត្យគុណភាពអង្ករ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្បាលដំរី ឃុំគោកព្រិច ស្រុកគិរីវង្ស ខេត្តតាកែវ។ រីឯម៉ូតូដែលបាត់ទៅនោះ ម៉ាកវេវអាវហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CY-1238 ស៊េរីឆ្នាំ២០១៤។

រីឯជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានទៅពិនិត្យគុណភាពអង្ករ នៅម្តុំព្រែកជ្រៃ ខណ្ឌដង្កោ លុះដល់វេលាកើតហេតុខាងលើ ត្រឡប់មកវិញតាមបណ្តោយផ្លូវជាតិលេខ៣ ស្រេកទឹកក៏ឈប់ម៉ូតូនៅបរិវេណការាសសាំងនិងម៉ាតសមប្រាថ្នា ហើយដើរចូលទៅទិញទឹកបរិសុទ្ធពិសារ នៅក្នុងម៉ាត បានបីទៅបួននាទី ចេញមកវិញស្រាប់តែបាត់ម៉ូតូតែម្តង។ ក្រោយពេលកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងបៅប៉ុស្តិ៍ចោមចៅ ដើម្បីឱ្យនគរបាលជួយអន្តរាគមន៍ ទាំងសោកស្តាយ៕

https://www.youtube.com/watch?v=vEOUM2niVBo&feature=youtu.be

មតិយោបល់