ប្រជាជាតិចិនមានការគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះគោលការណ៍ «តម» នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិនេះ ទន្ទឹមនឹងនេះ ពួកគេក៏ព្យាយាមតមនូវប្រការផ្សេងៗគ្នាជាច្រើនទៀតទៅតាមជំនឿរៀងៗគ្រួសារផងដែរ។
ខាងក្រោមនេះគឺជាការសង្ខេបនូវប្រការលេចធ្លោមួយចំនួនដែលជនជាតិចិនតែងតែនាំគ្នាតម នៅពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់៖
១/ និយាយពាក្យអាក្រក់ស្ដាប់ ឬពាក្យនាំសំណាងមិនល្អ៖ដូចជាពាក្យ «ស្លាប់» «សម្លាប់» «បែកបាក់» «ខ្មោចព្រាយ» «ឈឺចាប់» «អត់ឃ្លាន»។ល។ ប៉ុន្តែ បើអ្នកត្រូវនិយាយជាចាំបាច់ នោះគួរនិយាយពាក្យដែលពីរោះស្ដាប់ជាងនេះ។
២/ លេបថ្នាំ ឬទៅពេទ្យ៖ជនជាតិចិនភាគច្រើនសង្ឃឹមថា មិនត្រូវលេបថ្នាំ ឬទៅជួបគ្រូពេទ្យ ព្រោះពួកគេជឿថា ប្រការនេះអាចនាំឱ្យពួកគេត្រូវជួបជំងឺពេញមួយឆ្នាំ។
៣/ បាក់បែក៖ចូលឆ្នាំថ្មីថ្ងៃដំបូង មិនត្រូវធ្វើឱ្យបែកបាក់របស់របរ ដូចជា កែវ ចាន ថូផ្កា ឬកញ្ចក់។ល។ ព្រោះអាចជួបបញ្ហាស្រដៀងគ្នានេះក្នុងជីវិត។
៤/ បោកខោអាវ៖ ពីរថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចាត់ទុកថាជាថ្ងៃកំណើតរបស់ព្រះគង្គា ដូច្នេះ បើសិនជាអ្នកបោកគក់ខោអាវក្នុងថ្ងៃនេះ មានន័យថា អ្នកបានបំពានលើព្រះគង្គា។
៥/ បោសសំរាម៖ បើសិនជាចាំបាច់ អ្នកក៏គួរតែបោសសំរាមពីមាត់ទ្វារចូលមកខាងក្នុងផ្ទះ រួចកើបទុកមួយឡែកសិន ដែលនេះតំណាងឱ្យការប្រមូលទ្រព្យ។ ជាងនេះ អ្នកក៏មិនត្រូវបាច ឬបាញ់ទឹកចេញទៅខាងក្រៅផ្ទះនោះដែរ ព្រោះវាតំណាងឱ្យការបាច ឬបង្ហូរទ្រព្យចេញពីផ្ទះ។
៦/ កូនស្រីបានរៀបការរួចត្រលប់មកផ្ទះ៖កូនស្រីដែលមានស្វាមីរួចហើយ មិនត្រូវត្រលប់មកលេងផ្ទះម្ដាយបង្កើតចំថ្ងៃទីមួយនៃឆ្នាំថ្មីនោះឡើយ ព្រោះវាតំណាងឱ្យការបាត់បង់ប្រាក់កាសរបស់ឪពុក ម្ដាយបង្កើត។
៧/ ដាស់អ្នកកំពុងគេងក្នុងថ្ងៃទីមួយនៃឆ្នាំថ្មី៖ព្រោះក្រោយពីភ្ញាក់ដឹងខ្លួន អ្នកដែលត្រូវបានគេដាសនោះនឹងត្រូវធ្វើការយ៉ាងលំបាកពេញមួយឆ្នាំ ដោយគ្មានពេលសម្រាក។
៨/ ស្លៀកពាក់ដាច់ រហែក៖ខោអាវថ្មី ស្អាតបាត តំណាងឱ្យប្រការថ្មីៗ ស្រស់ស្រាយ ចំណែកការស្លៀកពាក់ខោអាវដាច់រហែក ឬចាស់ គឺតំណាងឱ្យភាពក្រខ្សត់ថោកទាប។
ក្រៅពីប្រការខាងលើ ក៏នៅមានប្រការជាច្រើនដែលអ្នកគួរតែ «តម» រួមមាន៖ សំឡេងយំក្នុងផ្ទះ ទៅខ្ចីប្រាក់ឬសងប្រាក់អ្នកដទៃ ប៉ះពាល់ដល់ម្ជុលដេរខោអាវ ប្រើប្រាស់កន្ត្រៃ កាត់សក់ ហូបបបរជាអាហារពេលព្រឹក សម្ភារដាក់អង្ករបែរជាគ្មានអង្ករ និងការគេងពេលរសៀលជាដើម៕
មតិយោបល់