ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្មបាន២នាក់

ភ្នំពេញ: កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ដង្កោឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាកាច់សោក ម៉ូតូយ៉ាងសកម្ម បន្ទាប់ពីមានការចង្អុលបង្ហាញជនរងគ្រោះ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៨និង៥០នាទី ព្រឹកថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមសម្ដីលោក តុន តូនី នាយប៉ុស្តិ៍ដង្កោបានឲ្យដឹងថា ជនរងគ្រោះដែលមានឈ្មោះ យី ជួន ភេទប្រុស អាយុ៥៣ឆ្នាំ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៣០នាទី ព្រឹកជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដាឌ្រីមស៊េរី២០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-4414 ចតទុកនៅមុខផ្ទះ ត្រូវបានជនសង្ស័យលួចកាច់សោកយកទៅបាត់ តែពេលនោះរូបគាត់មិនបានទៅដាក់ពាក្យបណ្ដឹងទេលុះមកដល់ថ្ងៃកើតហេតុប្អូនប្រុសរបស់គាត់បានប្រទះឃើញជនសង្ស័យស្នាក់នៅបន្ទប់ជួលនៅភូមិកើតហេតុខាងលើ ក៏បានរត់មកប្រាប់ពេលនោះរូបគាត់បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដង្កោ ពេលទទួលបានពាក្យភ្លាមលោកមេប៉ុស្តិ៍បានដឹកនាំកម្លាំងចុះមកឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ យកមកសាកសួរនៅប៉ុស្តិ៍ដង្កោ។

ជនសង្ស័យដែលឃាត់ខ្លួនបានទី១មានឈ្មោះ សន តុន ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដមានស្រុកកំណើតភូមិចេកឃុំដូងស្រុកបាទីខេត្តតាកែវ ទី២ ឈ្មោះ ពេជ្យ គឹមហេង ភេទប្រុសអាយុ២១ឆ្នាំមុខរបរជាងផ្សារដែកមានស្រុកកំណើតភូមិកំពុងអុស ឃុំផ្សារឆ្នាំងស្រុកកំពុងឆ្នាំង ខេត្តកំពុងឆ្នាំង ទាំង២នាក់ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់