ព័ត៌មានជាតិ

រថយន្តដឹកភេសជ្ជៈចំណុះ៥តោន បុកបង្គោលភ្លើងទាំងព្រលឹម

ភ្នំពេញ: រថយន្តកូរ៉េ ដឹកភេសជ្ជ:មួយគ្រឿង ចំណុះ៥តោន បត់ត្រឡប់ក្រោយជ្រុលល្បឿនជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកបង្គោលភ្លើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចម្ដុំក្បែរស្តុបផ្សារដីហុយ ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តដឹកភេសជ្ជ:ទម្ងន់៥តោន មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C- 3743 រួមដំណើរដោយបុរស២នាក់ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ ស្រាប់គេឃើញ រថយន្តបង្កបួងចង្កូតបត់ត្រឡប់ក្រោយវិញយ៉ាងលឿន សង្ស័យតែអ្នកបើកបរជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលល្បឿនទៅបុកបង្គោលភ្លើងបណ្ដាលឲ្យបាក់ទ្រេតមកលើរថយន្ត តែសំណាងល្អមិនមានបង្កការគ្រោះថ្នាក់ដល់អ្នកដ៍ទៃនោះទេ។

ក្រោយកើតហេតុ គេឃើញអ្នកបើកបរថយន្ត និងអ្នករួមដំណើរទាំង២នាក់ ផ្សេងទៀត បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកាត់ទទឹងផ្លូវ បង្កឲ្យមានការកកស្ទះដល់អ្នកធ្វើដំណើរតាមដងផ្លូវពិបាកក្នុងការធ្វើដំណើរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខបានចុះមកវាស់វែងរថយន្តបង្កខាងលើនិងបានប្រគល់រថយន្តខាងលើ ឲ្យខាងជំនាញចរាចណ៍រាជធានីភ្នំពេញ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីនៃស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់