ព័ត៌មានជាតិ

ស្គាល់មុខតែមិនស្គាល់ចិត្ត នៅផ្ទះជួលរកស៊ីជាមួយគា្នបោកយកលុយជាង៥,០០០ដុល្លារ

ភ្នំពេញ: ស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលឆបោកយកលុយជាង៥ពាន់ដុល្លារកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល លេខ៤៩ ផ្លូវ៤៦៦ ក្រុម២៦ ភូមិបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។
ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ប្រពភពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទី១ ឈ្មោះ កែវ ដា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ ឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ, ទី២ឈ្មោះ ចាន់ ម៉េងលី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ រីឯជនសង្ស័យ ឈ្មោះ ចេង ប៊ែ ហៅហេង ពៅ ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅនិងមុខរបរមិនពិតប្រាកដ ក្នុងនោះដកហូតបានវត្ថុតាងគ្រឿងអលង្កាខ្សែកកាឡៃ ចំនួន៦ខ្សែ,ចិញ្ចៀនកាឡៃ ចំនួន១វង់, ខ្សែជើងកាឡៃ ចំនួន១គូ, ខ្សែដៃដាំត្បូងពណ៌ស កាឡៃ ចំនួន១ខ្សែ, ទូរសព្ទចល័ត ចំនួន១គ្រឿង, ថង់ក្រណាត់ពណ៌ក្រហម ចំនួន១ថង់និងកាបូបស្ពាយចំនួន១ផងដែរ។

ប្រភពដដែរបន្តថា ជនសង្ស័យនិងជនរងគ្រោះ កែវ ដា គឺជាអ្នកទើបតែស្គាល់គ្នា និងរកស៊ីទទួលបញ្ចាំជាមួយគ្នា ព្រមទាំងស្នាក់ នៅជាមួយគ្នា នៅចំណុចកើតហេតុខាងលើ ។

មកដល់វេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យបានយកខ្សែដៃដាំត្បូងពណ៌ស ជារបស់ក្លែងក្លាយ ទៅដាក់បញ្ចាំជាមួយជនរងគ្រោះ កែវ ដា ដោយនិយាយថា ភ្ញៀវដែលចូលលេងល្បែងក្នុងកាស៊ីណូណាហ្គាវើល ឲ្យយកមកបញ្ចាំក្នុងតម្លៃ ៣,០០០ដុល្លារ ពេលនោះឈ្មោះ កែវ ដា បានទទួលយកខ្សែដៃនោះ ដោយពុំបានយកទៅពិនិត្យថាជារបស់ពិត ឬក្លែងក្លាយនោះទេ ហើយបានប្រគល់ប្រាក់ទៅឲ្យជនសង្ស័យ ចំនួន ៣,០០០ដុល្លារ។

ក្រោយមករយ:ពេលជិត៣ម៉ោង នៅយប់ថ្ងៃដដែល ជនសង្ស័យក៏បានមកសុំយកប្រាក់ពីជនរងគ្រោះបន្ថែមចំនួន ៣,០០០ដុល្លារទៀត ដោយនិយាយថា ម្ចាស់ខ្សែដៃចាញ់ល្បែងត្រូវការប្រាក់បន្ថែម ពេលនោះដោយសារតែជនរងគ្រោះមានការទុកចិត្តលើជនសង្ស័យដែលជាអ្នករកស៊ីជាមួយគ្នា ក៏បានឲ្យប្រាក់ទៅ ជនសង្ស័យចំនួន ៣,០០០ដុល្លារទៀត។

លុះដល់ពេលព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះមានការសង្ស័យទៅលើខ្សែដៃនោះ ក៏បានយកទៅឲ្យគេពិនិត្យទើបដឹងថា ជាខ្សែដៃក្លែងក្លាយ ជនរងគ្រោះ បានត្រលប់មកផ្ទះជួលដែលស្នាក់នៅជាមួយគ្នា និងជនសង្ស័យវិញ តែជនសង្ស័យបានប្រមូលសម្ភារ:ប្រើប្រាស់ផ្លាស់ប្ដូរផ្ទះជួលទៅហើយ នៅពេលដែលជនរងគ្រោះទាក់ទងទៅ ជនសង្ស័យថាពុំធ្លាប់ស្គាល់នោះទេ ។

ក្រោយមកជនរងគ្រោះ កែវ ដា និង ចាន់ ម៉េងលី រួមជាមួយក្រុមគ្រួសារបានបន្តស្រាវជ្រាវរហូតបានដឹង និងស្គាល់ពីកន្លែងដែលជនសង្ស័យស្នាក់នៅថ្មីឯភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង និងនាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកខ្សែដៃដាំត្បូងពណ៌ស ជារបស់ក្លែងក្លាយ ទៅបញ្ចាំបោកយកប្រាក់ពីឈ្មោះ កែវ ដា ចំនួន ៦,០០០ដុល្លារ ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរនិងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

//youtu.be/X0ziMMAYT3c

មតិយោបល់