ព័ត៌មានជាតិ

កំពុងជិះម៉ូតូស្កន់ជាន់ រេចង្កូតទៅបុកដើមឈើបាក់កស្លាប់នៅនឹងកន្លែង

ប៉ៃលិន: ភ្នាក់ងារ Post Newsបានរាយការណ៍មកថា នៅវេលាម៉ោង១១ និង១៥នាទីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្ថិតនៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ខណ:ជំងឺស្កន់ជាន់(ឆ្កួតជ្រូក)រើឡើង ពេលកំពុងបើកបរម៉ូតូទៅបុកដើមឈើនៅចិញ្ចើមផ្លូវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើត គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាសេ១២៥ គ្មានស្លាកលេខ តែម្នាក់ឯងយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើង ហើយនៅពេលមកជិតដល់កន្លែងកើតហេតុ ស្រាប់ឃើញជនរងគ្រោះលើកដៃម្ខាងឡើងលើ បន្ទាប់មកម៉ូតូក៏រេចង្កូតទៅខាងឆ្វេងដៃទៅបុកដើមឈើ យ៉ាងពេញទំហឹង បណ្តាលឲ្យបាក់កស្លាប់នៅនឹងកន្លែងតែម្តង។

បើតាមម្តាយរបស់ជនរងគ្រោះមានឈ្មោះ ឃុន ច្រឹប អាយុ៤៧ឆ្នាំ បានឲ្យដឹងថា កូនប្រុសរបស់គាត់ដែលស្លាប់មានឈ្មោះ លុក អាំ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពដដែលបន្តថា កូនប្រុសរបស់គាត់គឺមានជំងឺស្កន់ជាន់(ឆ្កួតជ្រូក) តាំងតែពីតូច ហើយគាត់មិនដែលបណ្តោយឲ្យកូនជិះម៉ូតូទៅណាតែម្នាក់ឯងនោះទេ ទើបតែថ្ងៃនេះគាត់រវល់ការងារផ្ទះ ស្រាប់តែបាត់ម៉ូតូ ហើយមិនឃើញកូន គាត់ក៏ជិះម៉ូតូតាមរក ក៏ប្រទះឃើញកូនជិះម៉ូតូបុកដើមឈើបាក់កស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តប៉ៃលិន បានយករថយន្តសង្គ្រោះដឹកសពជនរងគ្រោះ យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់