ព័ត៌មានជាតិ

Update៖ខណ្ឌទួលគោកមួយព្រឹកសោះមានទាំងឆក់កាបូប មានទាំងប្លន់នៅទីតាំងភ្នាល់បាល់ជ្រកក្រោមស្លាកយីហោ ៥៥ណេត

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីជនសង្ស័យជាញៀនល្បែងភ្នាល់បាល់តាមអនឡាញម្នាក់ និងជាម៉ូយប្រចាំហាងអ៊ីនធឺណេត ដែលមានយីហោ៥៥ណេត២៤ម៉ោង ក្រោយពីលេងចាញ់អស់ទ្រព្យសម្បត្តិហើយនោះ បែរជាបែកគំនិតចូលប្លន់ដណ្តើមលុយមិនបានសម្រេច ខណៈដែលឃើញឪកាសល្អមានតែបុគ្គលិកស្រីតែ២នាក់ នៅមើលការខុសត្រូវក្នុងហាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជិតស្តុបទេពផន ផ្លូវម៉ៅសេងទុង សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេបានឃើញ ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមកចាំនៅកែងស្តុបទេពផន ហើយជនសង្ស័យម្នាក់បានចុះដើរទៅក្នុងហាងអ៊ីនធឺណេតយីហោ ៥៥ណេត២៤ម៉ោង ដើម្បីដូរលុយចំនួន១ម៉ឺនរៀលយកក្រដាស៥ពាន់ចំនួន២សន្លឹកទៅឲ្យម៉ូតូឌុប ដែលជាទម្លាប់របស់ជនសង្ស័យតែងតែមកបើកអាខោន លេងល្បែងគ្រប់ប្រភេទតាមប្រព័ន្ធអ៊ីនធឺណេតខាងលើនេះ ស្រាប់តែឃើញបុគ្គលិកហាងអ៊ីនធឺណេត៥៥មានគ្នាចំនួន២នាក់ ហើយស្របពេលមាននារីជាបុគ្គលិកកាន់លុយរបស់ថៅកែចំនួន២៥០ដុល្លារ ដែលមានក្រដាសប្រាក់១០០ដុល្លារចំនួន២សន្លឹក និងក្រដាសប្រាក់៥០ដុល្លារចំនួន១សន្លឹក នៅនឹងដៃ ជនសង្ស័យក៏ធ្វើសកម្មភាពប្លន់ឆក់ដណ្តើមលុយពីនារីរងគ្រោះមិនបានសម្រេចតែម្តង នារីរងគ្រោះចាប់លុយជាប់នៅនឹងដៃហើយក៏ស្រវ៉ាចាប់ដៃជនសង្ស័យទាញទៅទាញមកបណ្តាលឲ្យដាច់លុយជា២កំណាត់ និងស្រែកឆោរឡោឡើងបង្កការភ្ញាក់ផ្អើល នាំគ្នាស្រែកចោរៗរត់ដេញតាម តែជនសង្ស័យរត់ឡើងម៉ូតូបក្ខពួកដែលចាំនៅកែងស្តុបជិះគេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តថា នៅក្នុងទីតាំងហាងអ៊ីនធឺណេតយីហោ ៥៥ណេត២៤ម៉ោងនេះ សម្បូរទៅដោយអ្នកចេញចូលភ្នាល់ល្បែងបាល់តាមអនឡាញចាញ់អស់ម៉ូតូទូរសព្ទនិងទ្រព្យសម្បត្តិផ្សេងៗ ហើយនៅក្នុងទីតាំងខាងលើនេះមានល្បែងស៊ីសងគ្រប់ប្រភេទដែលធ្វើការលេងផ្ទាល់ពីកាស៊ីណូតែម្តង ។

ពាក់ព័ន្ធអំពីបញ្ហាល្បែងស៊ីសងនៅក្នុងខណ្ឌទួលគោកលោកឯក ឃុនដឿន អភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌទួលគោក ដូចជាទទួលបានផលប្រយោជន៍ពីកន្លែងទាំងអស់នេះ ហើយមិនមានចំណាត់ការបន្តិចសោះឡើយ ។

រាល់បញ្ហាទីតាំងល្បែងហាងអ៊ីនធើណេតយីហោ ៥៥ណេត២៤ម៉ោងនេះភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីលោក ឯក ឃុនដឿន និង លោក ហ៊ុន សុធី បានទេដោយគាត់ជាប់រវល់ប្រជុំ ៕

https://youtu.be/pWnHn8o-PRY

មតិយោបល់