បន្ទាយមានជ័យៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោក ហុង លៀង អនុប្រធានទី១ទទួលបន្ទុកស្ថិតិទីផ្សារសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយអនុវត្តតាមការចង្អុលបង្ហាញពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លើកិច្ចការងារ ពិនិត្យតាមដានការដាក់តាំងលក់ទំនិញតាមបណ្តាទីផ្សារ ទូទាំងខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នេះ លោកបានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយ កម្លាំងនគរបាលសេដ្ឋកិច្ចខេត្តនិងក្រសួង បានចុះធ្វើការត្រួតពិនិត្យ ការដាក់តាំងលក់ទំនិញ ម្ហូបអាហារ របស់បងប្អូនអាជីវករលក់ដូរក្នុងផ្សារមង្គលបូរី រកទំនិញហួសកាលបរិច្ឆេទ ឬខូចគុណភាព ជាពិសេសប្រភេទទំនិញដែលត្រូវបានច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហាមឃាត់មិនឲ្យដាក់តាំងលក់លើទីផ្សារ និងបានធ្វើតេស្តរកសារធាតុគីមីដែលដាក់ក្នុងគ្រឿងសមុទ្រ ប្រហុក ផ្អក និងសាច់ក្រក។
លោកបន្តថា ជាលទ្ធផល មន្ត្រីរបស់លោក បានរកឃើញមាន មានសារធាតុហ្វម៉ូលីន ដែលអាជីវករដាក់ក្នុងមឹក ក្រោយរកឃើញ មន្ត្រីរបស់លោក បានធ្វើការអប់រំណែនាំ ចុះកិច្ចសន្យាបញ្ឈប់ការដាក់លក់ និងបានធ្វើការដកហូតមឹកនោះ ជៀសវាងពលរដ្ឋទិញទៅបរិភោគធ្វើឲ្យប៉ះពាល់សុខភាព ហើយការចុះពិនិត្យនេះគឺធ្វើនៅគ្រប់ទីផ្សារក្នុងខេត្តមុនឱកាសចូលឆ្នាំប្រពៃណីជាតិចូលមកដល់៕





មតិយោបល់