ព័ត៌មានជាតិ

បុរសម្នាក់ត្រូវគូទំនាស់និងបក្សពួក ព្រួតវាយរំសាយគំនុំចាស់

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា បុរសម្នាក់ត្រូវបានគូទំនាស់និងបក្សពួក ស្ទាក់ព្រួតគ្នាវាយបណ្ដាលឲ្យរងរបួសថ្ងាសយ៉ាងដំណំ ខណៈពេលកំពុងដើរត្រឡប់ មកពីជប់លៀងផ្ទះមិត្តភក្ដិ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នៅតាមផ្លូវក្នុងភូមិ ព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប៉ុន្តែរហូតដល់វេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមេសា ទើបជនរងគ្រោះធ្វើដំណើរទៅដាក់ ពាក្យបណ្ដឹងសុំឲ្យ នគរបាលជួយអន្តរាគមន៏ចាប់ខ្លួនជនដៃដល់ ប៉ុន្តែជននោះបានគេចខ្លួនបាត់ទៅហើយ ។

បុរសរងគ្រោះខាងលើឈ្មោះ គឹម សុផល អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានស្រុកកំណើត នៅក្នុងភូមិបែកចាន ឃុំអំពិលទឹក ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង និងស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ។ ចំណែកជនបង្កឈ្មោះ ខែម អាយុជាង២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទានោះដែរ និងកំពុងរត់គេចខ្លួន ។

ជនរងគ្រោះបាននិយាយថា កាលពីពេលកន្លងមកគាត់និងជនសង្ស័យ ធ្លាប់បានមានទំនាស់គ្នាម្ដងរួចមកហើយ ប៉ុន្តែមិនបានឈានដល់ការវាយតប់គ្នានោះឡើយ លុះដល់ពេលកើតហេតុ ខណៈគាត់កំពុងតែធ្វើ ដំណើរត្រឡប់មកពីជប់លៀងនៅផ្ទះមិត្តភក្ដិ ទៅផ្ទះវិញតែម្នាក់ឯងស្រាប់តែ លេចមុខជននោះនិងបក្សពួក ម្នាក់ទៀតស្ទាក់ផ្លូវ ។ បន្ទាប់មកបានព្រួតគ្នាវាយគាត់ទាំងកំរោល បណ្ដាលឲ្យរងរបួសបែកថ្ងាសយ៉ាងដំណំ រួចហើយជនទាំងនោះបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល ចំណែកគាត់មិនបានទៅប្ដឹងនគរបាលភ្លាមៗនោះឡើយ លុះព្រឹកឡើងទើបប្ដឹងនគរបាល ហើយជនដៃដល់នៅបន្តគេចខ្លួននៅឡើយ ៕

https://youtu.be/pn61KRvaG9s

មតិយោបល់